(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានឆ្លៀតឱកាសដ៏មម៉ាញឹកពីការងាររដ្ឋបាលខេត្ត ចុះជួបសំណេះសំណាល និងស្វែងយល់ពីសុខទុក្ខ របស់បងប្អូនអាជីវករផ្សារថ្មីពោធិ៍សាត់ ដើម្បីចូលរួមដោះស្រាយឲ្យទាន់ពេលវេលា ដោយបានការចូលរួមពីលោកស្រី ជុក សុផានី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងអាជ្ញាធរក្រុងជាច្រើននាក់ទៀត។

លោក ម៉ៅ ធនិន បានឲ្យដឹងថា ការចុះមកនាពេលនេះ គឺដើម្បីចង់ដឹងពីសុខទុក្ខរបស់បងប្អូនអាជីវករពាក់ព័ន្ធបញ្ហាប្រឈម ជាពិសេសត្រួតពិនិត្យការបំពាក់កង្ហារ កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធទឹកពន្លត់អគ្គិភ័យ ដែលតម្លើងរួចរាល់ ដើម្បីផាសុខភាព រក្សាបាននូវសន្តិសុខ សុវត្ថិភាព ជូនបងប្អូនអាជីករ និងដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលមកផ្សារពោធិ៍សាត់យើង ជៀសវាងការបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការណាមួយ។

បន្ថែមពីនោះ លោកអភិបាលខេត្ត បានជំរុញឲ្យក្រុមគ្រួសារអ្នករត់ម៉ូតូឌុប បើបានឃើញជាក់ស្តែង ដូចជាករណីឆក់ ឬករណីល្មើសច្បាប់ផ្សេងៗ ត្រូវចូលរួមសហការបង្ក្រាប ឬរាយការណ៍ជាបន្ទាន់មក អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យមូលដ្ឋានយើងមានសុខសុវត្ថិភាព។ លោកក៏បានបញ្ជាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផងដែរថា «បងប្អូនត្រូវតែដឹងគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, បើគ្មានសម្តេចទេ នោះក៏គ្មានវត្តមានរបស់លោកនៅទីនេះដែរ, ហើយការដែលយើងមានសព្វថ្ងៃ គឺដោយសារគុណ ៧ មករា ១៩៧៩ នាំឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៌»។

អភិបាលខេត្ត ក៏បានផ្តល់ថវិកា និងអង្ករ ជូនដល់ជនចាស់ជរា ដែលបានយកបន្លែបង្ការបន្តិចមកលក់ដូរចិញ្ចឹមជីវិត។ ជាមួយគ្នានោះ តំណាងអាជីវករ បានធ្វើការប្តេជ្ញាចិត្តដើរតាមមាគ៌ា របស់សម្តេចតេជោ ហ៊ុន សែន និងសំណូមពរដល់សម្តេច សូមកុំឲ្យអភិបាលខេត្ត ដែលមានចិត្តមេត្តាករុណា និងមានព្រហ្មវិហាធម៌ចំពោះប្រជាពលរដ្ឋ ចាកចេញឆ្ងាយពីខេត្តពោធិ៍សាត់នេះឡើយ។

ក្នុងថ្ងៃដដែលនោះ អភិបាលខេត្ត បានបន្តចុះពិនិត្យ និងពន្លឿនការស្ថាបនាសួនច្បារ ១៤មករាឡើងវិញ ដែលសួនច្បារនេះ បានកសាងឡើងក្នុងអំឡុងអាណត្តិអតីតអភិបាលខេត្តលោក អ៊ុង សាម៉ី នៅជាប់ស្ពានថ្ម ប្រសព្វផ្លូវលេខ១០១ និងផ្លូវជាតិលេខ៥ផងដែរ៕

Advertising