(ព្រះវិហារ)៖ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ដល់មន្ដ្រីនគរបាលចំនួន ១៦៥រូប របស់វរសេនាតូច៧៩៣, ៧៩៥ និង១០៥ ចំណុះនាយកដ្ឋាននគរបាល ការពារព្រំដែនគោក ដែលកំពុងឈរជើងនៅទិសប្រាសាទព្រះវិហារ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ តំណាងឲ្យថ្នាក់ដឹកនាំ បានសម្ដែងនូវក្ដីនឹករលឹក និងផ្ដាំផ្ញើសាកសួរសុខទុក្ខ ចំពោះកងកម្លាំងនគរបាល ការពារព្រំដែនទាំងអស់ និងសូមកោតសរសើរ ដោយស្មោះចំពោះមេបញ្ជាការ មេបញ្ជាការរង នាយ នាយរងនគរបាលព្រំដែនទាំងអស់។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ បានកត់សម្គាល់ថា នគរបាលការពារព្រំដែន បានលះបង់កម្លាំងកាយចិត្ត ពុះពារគ្រប់ការលំបាកដើម្បីការពារបូរណភាពទឹកដី និងទប់ស្កាត់ បង្ក្រាបទាន់ពេលវេលារាល់បទល្មើសផ្សេងៗ ដែលបានកើតមានឡើងនៅតាមតំបន់ព្រំដែនទទួលបានលទ្ធផលល្អប្រសើរ។

ទន្ទឹមនឹងគុណសម្បត្តិនេះ លោកប្រធាននាយកដ្ឋាននគរបាលការពារព្រំដែន ក៏បានណែនាំដល់មេបញ្ជាការ មេបញ្ជាការរង នាយ នាយរងនគរបាលការពារព្រំដែន ជាពិសេសនាយ នាយរង ដែលត្រូវបានថ្នាក់ដឹកនាំជឿ និងផ្ដល់សេចក្ដីទុកចិត្តតែងតាំងមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិ ត្រូវតែខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបន្ថែមទៀត ដែលថ្នាក់ដឹកនាំ និងអង្គភាពប្រគល់ជូន។

គួរជម្រាបថា ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ក៏បានសំណេះសំណាលដាច់ដោយឡែក នៅតាមបណ្ដាវរសេនាតូចទាំង០៣ ហើយបានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិផងដែរ។

ព្រមពេលជាមួយគ្នានេះ លោកឧត្តមសេនីយ៍ លៀង ភារម្យ ក៏បានធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្ដីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ និងការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ ដល់កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ផងដែរ៕

Advertising