(សៀមរាប)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ដោយមានក្រសួងទេសចរណ៍ជាស្ថាប័នដឹកនាំ និងមានសមាសភាពចូលរួមពីក្រសួង-ស្ថាប័ន-អាជ្ញាធរពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប ដៃគូសហការ ព្រមទាំងសាកលវិទ្យាល័យទូលូរបស់បារាំង ដែលជំនាញខាងសិក្សារៀបចំផែនការមេផងដែរ។

គណៈកម្មការអន្តរក្រសួងនេះបាននិងកំពុងចុះសិក្សាលើផ្នែក-តំបន់មួយចំនួនជាបណ្ដើរៗហើយ ប៉ុន្តែដើម្បីជាប្រទីបក្នុងការជំរុញឱ្យដំណើរសិក្សារៀបចំផែនការមេនេះ ប្រព្រឹត្តទៅដោយជោគជ័យ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប នៅសណ្ឋាគារសុខាល័យអង្គរ ដោយបានបិទបញ្ចប់នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងសិក្ខាសាលានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីអភិក្រមគោល និងអនុសាសន៍មួយចំនួន ដោយអង្គភាពព័ត៌មាន Fresh News បានរំលេចឡើងនៅក្នុងអត្ថបទមុនរួចមកហើយ ហើយសម្រាប់អត្ថបទមួយនេះ យើងខ្ញុំនឹងរំលេចពីចំណុចគោលសំខាន់ៗ ក្នុងការសិក្សារៀបចំផែនការមេនោះ។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន ដំណើរការសិក្សាលើគម្រោងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប គឺផ្ដោតសំខាន់លើការងារទាំងក្នុងខេត្ត ក្នុងប្រទេស និងក្រៅប្រទេស ក្នុងនោះរួមមាន៖

*ទី១៖ ការសិក្សាលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ លើសពីអ្វីមានស្រាប់នៅតំបន់អង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្ត និងស្នាក់នៅខេត្តសៀមរាបយូរ និងចំណាយច្រើន។

*ទី២៖ ការសិក្សាលើការអភិវឌ្ឍ និងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាការសាងសង់ផ្លូវល្បឿនលឿន ផ្លូវរថភ្លើងល្បឿងលឿន ការពង្រីកផ្លូវថ្នល់ ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីដែលធំជាងមុន ដើម្បីតភ្ជាប់ខេត្តសៀមរាបជាមួយរាជធានីភ្នំពេញ សៀមរាបជាមួយតំបន់ឆ្នេរសមុទ្រ សៀមរាបជាមួយតំបន់ភាគឦសាន សៀមរាបជាមួយតំបន់ព្រំដែន ក៏ដូចជាសៀមរាបជាមួយអន្តរជាតិផងដែរ។

*ទី៣៖ ការសិក្សាអំពីការរៀបចំ និងគ្រប់គ្រងបរិស្ថានស្អាត និងបៃតងនៅខេត្តសៀមរាប និងតំបន់អង្គរ ដើម្បីផ្ដល់ជូននូវភាពស្រស់ស្រាយបរិសុទ្ធ ចំពោះភ្ញៀវទេសចរដែលមកទស្សនាខេត្តសៀមរាប ធ្វើយ៉ាងណាជំរុញឱ្យមានការផ្សព្វផ្សាយនូវចំណុចល្អៗពីខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា។ ក្រៅពីនោះ មានការសិក្សាលើការគ្រប់គ្រងសំរាម កាក់សំណល់ ការតុបតែងលម្អសោភ័ណភាពនៅក្នុងខេត្ត និងតំបន់ទស្សនា ការសិក្សាលើការបង្កើតសួនច្បារជាដើម។

*ទី៤៖ ការសិក្សាលើការតុបតែងលម្អផ្លូវធ្វើដំណើរឱ្យមានសោភ័ណភាព។

*ទី៥៖ ការសិក្សាលើយន្តការនៃការគ្រប់គ្រងតំបន់ទេសចរណ៍ដ៏ល្បីល្បាញនេះ ឱ្យបានល្អប្រសើរឡើង ពីព្រោះបើគ្មានការគ្រប់គ្រងទេ ការសិក្សារៀបចំនឹងខាតទទេៗ។

ក្រៅពីនេះ នៅមានការសិក្សាលើកត្តាខាងក្រៅប្រទេសផងដែរ ដូចជា ការសិក្សាលើទីផ្សារទេសចរណ៍ និន្នាការរបស់ភ្ញៀវទេសចរ កំណើនទីផ្សារ តម្រូវការទីផ្សារ ការសិក្សាអំពីការសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ។

ជាការពិតណាស់ បច្ចុប្បន្ន តំបន់អង្គរមានភាពល្បីល្បាញទូទាំងពិភពលោកហើយ ប៉ុន្តែកម្ពុជាត្រូវមានការអភិវឌ្ឍបន្ថែម ពោលគឺអនុវត្តនូវកិច្ចអភិរក្សនៅក្នុងតំបន់អង្គរ និងអភិវឌ្ឍន៍បន្ថែមនៅតាមតំបន់ជុំវិញ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ដោយមិនធ្វើឱ្យប៉ះពាល់ដល់កេរតំណែលបុព្វបុរស ដូចជាប្រាង្គប្រាសាទ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋឡើយ។

លោករដ្ឋមន្ត្រីបានបន្តថា គម្រោងសិក្សាលើផែនការមេនេះនឹងត្រូវបញ្ចប់ និងដាក់ឱ្យអនុវត្តចាប់ពីអំលុងដើមឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៣៥។

លោក ថោង ខុន បានបញ្ជាក់ថា «ការខិតខំទាំងនេះក៏ដើម្បីចូលរួមសម្រេចតាមចក្ខុវិស័យរបស់កម្ពុជា ដែលនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១០លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ១៥លាននាក់ នៅឆ្នាំ២០៣០ ផងដែរ»