(កំពត)៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ ម្សិលមិញនេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសរដ្ឋ និងឯកជនស្តីពី «ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តកំពត។ សិក្ខាសាលានេះ ធ្វើឡើង ក្រោមអធិបតីភាព លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរង គ.អ.ឆ.ក. និង លោក ណៃ គង់ អភិបាលរងខេត្តកំពត ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក អាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពត។

ខេត្តកំពតមានគោលដៅទេសចរណ៍ដ៏ទាក់ទាញជាច្រើនដូចជា រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានវប្បធម៌ តំបន់កសិទេសចរណ៍ សហគមន៍ទេសចរណ៍ ការជិះទូកលេងនៅតាមដងព្រែក ការមើលសត្វអំពិលអំពែក និងសត្វប្រជៀវជាដើម។ លើសពីនេះ ដោយមានការជួយជ្រោមជ្រែងពីក្រសួងទេសចរណ៍ ខេត្តកំពតនឹងរៀបចំឱ្យមានវិថីម្ហូបអាហារ (Food Street) ជាមួយនឹងការតាំងពិព័រណ៍ម្ហូបអាហារតាមដងវិថីប្រកបដោយស្តង់ដារ និងរ៉ឺម៉កកង់បុរាណដែលជាអត្តសញ្ញាតខេត្តកំពត សម្រាប់ទទួលភ្ញៀវទេសចរ ជិះកម្សាន្តក្នុងក្រុង ពេលខាងមុខនេះ។

ក្រៅពីការពិភាក្សាពីបញ្ហាប្រឈមនានាជាមួយដំណោះស្រាយ និងការដាក់ទិសដៅអនុវត្តបន្ត និងដោយមើលឃើញពីសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែប លោកអនុរដ្ឋលេខាធិការ បានស្នើនិងជំរុញដល់រដ្ឋបាលខេត្តកំពត យកចិត្តទុកដាក់បន្ថែមទៀតក្នុងការជំរុញ ដល់គ្រប់មូលដ្ឋានអាជីវកម្ម គ្រប់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍នានា ត្រូវធ្វើការគ្រប់គ្រងសំណល់ រឹងរាវ ឱ្យបានល្អ បុគ្គលិកត្រូវទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីធានាបាននូវការផ្តល់សេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព និងភាពកក់ក្តៅ ដែលទាំងនោះគីជាកត្តាគន្លឹះចាំបាច់ក្នុងការទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តខេត្តកំពតរយៈពេលយូរ និងម្តងហើយម្តងទៀត។

គួរបញ្ជាក់ថា ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ខេត្តកំពតនឹងធ្វើជាម្ចាស់ផ្ទះប្តូរវេន ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីទស្សនា នូវទិដ្ឋភាពដ៏អស្ចារ្យនៃការរៀបចំព្រឹត្តិការណ៍នេះ ក៏ដូចជាទទួលយកបទពិសោធន៍កម្សាន្តពីផលិតផលទេសចរណ៍ថ្មីៗក្នុងខេត្តកំពត។

កាលពីឆ្នាំ ២០១៨ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបចំនួន ១,៦២៩,៥៣០នាក់ កើនឡើង ១,៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១,៤៦១,៧៩៥នាក់ កើនឡើង ១.៦២% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៦៧,៧៣៥នាក់ កើនឡើង ៣.៤៣%។

ដោយឡែកក្នុងរយៈពេល៦ខែដើមឆ្នាំ ២០១៩ កន្លងមកនេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបចំនួន១,០៩១,៣២០នាក់ កើនឡើង២៧,២៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៩៧៨,០៤៥នាក់ កើនឡើង ២៧.៨៨% និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១១៣,២៧៥នាក់ កើនឡើង ២១.១៧%៕