(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំមន្រ្តីរាជការ នាំយកទៀនវស្សា និងគ្រឿងឧបភោគ បរិភោគ ទៅវេរទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមានៅវត្តកោះត្រែង ស្ថិតនៅឃុំកោះ២ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលនៅលើកោះនោះ ក៍អំណោយផលខាងកសិក្មោងដែរ ដោយល្បីល្បាញក្រូចថ្លុងមានរសជាតិ ផ្អែមឆ្ងាញ់ពិសារ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងលើកឡើងថា ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយការរីកចម្រើននេះ គឺមិនអាចកាត់ផ្តាច់បានពីវិស័យពុទ្ធចក្រ ដែលជានិច្ចកាលវិស័ពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ដើម្បីកសាងប្រទេសជាតិ ឱ្យបានរីកចម្រើនជាលំដាប់។

ស្ថិតក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះ ឲ្យបានគង់វង្ស ព្រោះសន្តិភាពមានសារៈសំខាន់ណាស់ សម្រាប់ជំរុញនូវការអភិវឌ្ឍ ប្រទេសជាតិឱ្យឆាប់បានរីកចំរើន។ លោកថ្លែងថា ប្រសិនបើគ្មានសុខសន្តិភាពទេនោះ គ្មានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះដែរ។

លោកបានអំពាវនាវ រួមគ្នាបន្តថែរក្សាការពារសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល និងថែរក្សាសន្តិភាពឱ្យបានគង់វង្សទាំងអស់គ្នា ត្រូវខិតខំការពារ ទោះត្រូវចំណាយតម្លៃណាក៏ដោយ។

សូមបញ្ជាក់ថា ទៀនវស្សា និងគ្រឿងឧបភោគ បរិភោគ ដែលលោក ជាម ច័ន្ទសោភ័ណ និងលោកស្រី នាំទៅប្រគេនវត្តកោះត្រែង មានទៀនព្រះវស្សា១គូ អង្ករ២០០គីឡូក្រាម មី១២កេះ ត្រីខ១កេះធំ ទឹកត្រី៤យួរ ទឹកស៊ីអ៊ីវ៤យួរ ទឹកសុទ្ធ១០កេះ Oventine ១កេះធំ ទឹកដោះគោ១កេះធំ និងបច្ច័យ៧លានរៀល ផងដែរ៕

Advertising