(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ ខេត្តព្រះសីហនុចំនួន៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ឹម សុខរិទ្ធ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះឆែកឆេរទីតាំងឃ្លាំងស្តុកម៉ាស៊ីនភ្លើង របស់ជនជាតិចិនចំនួន២កន្លែង ក្នុងក្រុងព្រះសីហនុ តាមដីកាបង្គាប់ឲ្យឆែកឆេរលំនៅដ្ឋាន ឬរុករកវត្ថុតាង របស់ប្រធានសាលាដំបូងខេត្តព្រះសីហនុ។

ប្រតិបត្ដិការចុះឆែកឆេរទីតាំងឃ្លាំងស្តុកម៉ាស៊ីនភ្លើង របស់ជនជាតិចិនខាងលើនេះ ក៏មានការសហការជាមួយ លោក ទុំ ណូ ប្រធានសាខាគយខេត្តព្រះសីហនុ និងលោក កែវ អង្កាម ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ដឹកនាំដោយលោក លឹម ប៊ុនហេង ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ។

បើតាមមន្ដ្រីអាវុធហត្ថខេត្ត បានបញ្ជាក់ថា ទីតាំងឃ្លាំងស្តុកម៉ាស៊ីនភ្លើង របស់ជនជាតិចិនទាំង២កន្លែងនេះ រួមមាន៖

ទី១៖ យីហោ ឈ្មោះ ហ្វូលីស៊ឺថឺ មានទីតាំងនៅផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ម្ចាស់ជនជាតិចិន មានស្តុកទំនិញម៉ាស៊ីនភ្លើងចំនួន៥៨គ្រឿង។

ទី២៖ យីហោ ឈ្មោះ គ្រឿងបន្លាស់ «ឡុងសឹង» មានទីតាំងនៅផ្លូវជាតិលេខ៤ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ម្ចាស់ជនជាតិចិន មានស្តុកទំនិញម៉ាស៊ីនភ្លើងធំចំនួន៨គ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញគយ រៀបចំស្ទូចយកម៉ាស៊ីនភ្លើងទាំងនោះ យកទៅរក្សាទុកនៅការិយាល័យគយ និងរដ្ឋាករស្ទឹងហាវ ដើម្បីបន្តនិតិវិធី៕