(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០១៩ គឺជាយន្តការមួយបណ្តុះធនធានមនុស្សក្នុងចំណោមយុវសិស្សបន្ថែម លើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីបរិស្ថាន ក្នុងចំណោមសាធារណជន។

ការលើកឡើងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញបើក «វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០១៩» ដោយមានការចូលរួមពីបេក្ខជនបេក្ខនារីជាសិស្សានុសិស្សមកពីវិទ្យាល័យចំនួន១៦ នៅរាជធានីភ្នំពេញ ដើម្បីអប់រំសាធារណជន ឱ្យយល់ដឹងអំពីបរិស្ថាន និងធនធានធម្មជាតិ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នេះគឺជាលើកទី៣៩ ហើយដែលក្រសួងបរិស្ថាន បានរៀបចំវេទិកា យុវជនជជែកពិភាក្សាអំពីបរិស្ថាននេះឡើយ ហើយនៅឆ្នាំនេះ ក្រសួងបរិស្ថានដែលមាននាយកដ្ឋាន អប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានជាអ្នកសម្របសម្រួល បានរៀបចំវេទិកានេះ សម្រាប់សិស្សានុសិស្សកម្រតវិទ្យាល័យ ខណៈនាពេលកន្លងទៅវេទិកានេះ មានតែការចូលរួមពីយុវជន មកពីសាកលវិទ្យាល័យ ឬគ្រឹះស្ថានឧត្តមសិក្សានានា។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានបន្តថា វេទិកាយុវជនជជែកពិភក្សាស្តីពីបរិស្ថាននេះ មានសារៈសំខាន់ណាស់ ដែលជាឱកាសឱ្យយុវសិស្សធ្វើការសិក្សាស្រាវជ្រាវ និងចែករំលែកចំណេះដឹងទៅកាន់សាធារណជនទូទៅ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម ក្នុងគោលបំណងអបរំណែនាំឱ្យចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការការពារនិងគ្រប់គ្រងធនធាន ធម្មជាតិការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ព្រមទាំងចូលរួមផ្លាស់ប្តូរឥរិយាបថនិងភ្នត់គំ និត បណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងប្រតិបត្តិបរិស្ថានល្អ។

ក្នុងន័យនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទម្រង់ទិសឱ្យបេក្ខជនបេក្ខនារីត្រូវសិក្សាស្រាវជ្រាវបញ្ហានានា ក្នុងវិស័យបរិស្ថានដោយផ្សាភ្ជាប់ នឹងការវិវឌ្ឍថ្មីៗ របស់ពិភពលោកជាពិសេសបដិវត្តន៍ឧស្សាហកម្មទី៤ ក៏ដូចជាផ្សាភ្ជាប់នឹងរបកគំឃើញនៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្រផងដែរ។

រដ្ឋលេខាធិការបានថ្លែងថាយុវសិស្សដែលចូលរួនក្នុងវេទិកាជជែកពិភាក្សាស្តី ពីបរិស្ថាន ឆ្នាំ២០១៩នេះ នឹងខិតខំសិក្សាស្រាវជ្រាវស្វែងយល់ ចំណេះដឹងផ្សេងៗ ហើយមិនមែនត្រឹមតែដើម្បីប្រកួតប្រជែងយកជ័យជម្នះតែមួយប៉ុណ្ណោះទេ ប៉ុន្តែដើម្បីចូលរួមពន្យល់ដល់សាធារណជនផងដែរអំពី កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ជាពិសេសចូលរួមផ្លាស់ប្តូរទម្លាប់ និងផ្នត់គំនិតមនុស្ស ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡាដែលបានផ្តល់កិច្ច សហការល្អជាមួយក្រសួងបរិស្ថាន ក្នុងក្របខ័ណ្ឌបណ្តុះបណ្តាលធនធានមនុស្សដោយលើកឡើងយ៉ាងដូច្នេះថា៖ «ក្រសួងបរិស្ថានបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡាអនុវត្តការងាររួមគ្នា ដើម្បីក្តីបំណងរួមគ្នាមួយ គឺធនធានមនុស្ស ដើម្បីបរិស្ថាន បរិស្ថានដើម្បីធនធានមនុស្ស»៕