(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងថា សំណង់អគារចំនួន ៣៥កន្លែង និងតំបន់ដីឡូតិ៍ ៣កន្លែងទៀត ដែលអត់ច្បាប់អនុញ្ញាតនៅក្រុងបាវិត ត្រូវបានអាជ្ញាធរ និងមន្ទីរជំនាញ ធ្វើការផ្អាកជាបណ្តោះអាសន្ន រង់ចាំមានច្បាប់ទំលាប់ត្រឹមត្រូវទើបអនុញ្ញាតឲ្យដំណើរការឡើងវិញ។

លោកសូមអ្នកវិនិយោគទុនទាំងអស់មុននឹងកសាងសំណង់ អគារផ្សេងៗ ត្រូវសុំច្បាប់ពីអាជ្ញាធរ មន្ទីរជំនាញពាក់ពន្ធ័ឲ្យបានត្រឹមត្រូវចៀសវាង គ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ដោយសារបាក់រលំអគារ ដូចនៅក្រុងព្រះសីហនុ ហើយចំពោះពលរដ្ឋមុននឹងសម្រេចចិត្តទិញដីឡូតិ៍ត្រូវសិក្សាទៅលើច្បាប់ដែលពាក់ពន្ធ័ទាំងអស់ របស់ក្រុមហ៊ុនដីឡូតិ៍នោះ ចៀសវាងការចាញ់ បោកគេផងដែរ។

ការថ្លែងយ៉ាងដូចច្នេះនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវក្រាលខ្សាច់ភ្នំចំនួន ០២ខ្សែ ប្រវែង ៣,៧៨៨ម៉ែត្រ ដែលមានការចូលរួមពីលោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង និងលោក សំ សិរីរតន៍ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ក្រុងស្វាយរៀងព្រមទាំង មន្ត្រីរាជការសាលាក្រុងចំណុះសាលាក្រុង ក្រុមប្រឹក្សាសង្កាត់ចេក ថ្នាក់ដឹកនាំភូមិ និងប្រជាពលរដ្ឋសរុប ៦០០នាក់។

លោកអភិបាលខេត្ត ក៏បានថ្លែងកោតសសើរចំពោះក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធ រួមទាំងសប្បុរសជនទាំងអស់ដែលបានរួមសហការគ្នាក្នុងការ គៀគរកសាងបាននូវផ្លូវក្រាលខ្សាច់ ភ្នំមួយខ្សែនេះ ទុកជាចំណងដៃសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។

លោកបញ្ជាក់ថា ផ្លូវក្រាលខ្សាច់ភ្នំចំនួន ២ខ្សែ ដែលសម្ពោធនៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីការចូលរួមចំណែកចែករំលែកសហការ សម្រាប់ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ សរបញ្ជាក់ឲ្យឃើញពីវប្បធម៌ នៃការចែករំលែក និងការរួមសហការយ៉ាងល្អប្រសើររវាងរដ្ឋ ក្រុមការងារ និងប្រជាពលរដ្ឋ។ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្ត និងគាំទ្រឲ្យបងប្អូនបន្ត នូវសកម្មភាពនេះ ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។

លោកបន្តថា «ចំពោះការស្ថាបនាផ្លូវនេះ មិនមែនជាគម្រោងចុងក្រោយនោះទេ នៅថ្ងៃនេះយើងសម្រេចបានជាផ្លូវក្រាលខ្សាច់ភ្នំ ប៉ុន្តែទៅថ្ងៃមុខខេត្តក៏នឹងប្រែក្លាយផ្លូវនេះ ពីផ្លូវក្រាលខ្សាច់ភ្នំទៅជាផ្លូវ ចាក់បេតុង ឬផ្លូវកៅស៊ូតែម្ដង ស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ»

លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរូមថែរក្សាផ្លូវ ដើម្បីធានាឲ្យប្រើប្រាស់បានគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍សាធារណៈ និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕