(កណ្តាល)៖ សត្វជ្រូករបស់ប្រជាពលរដ្ឋនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក កើនរហូតដល់ទៅជាង ៥០០ក្បាលហើយ គិតត្រឹមវេលាម៉ោង ប្រមាណ ១១ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។ នេះជាការបញ្ជាក់ដូចគ្នារបស់អភិបាលស្រុកស្អាង និងមន្រ្តីមូលដ្ឋាននៅឃុំក្រាំងយ៉ូវផ្ទាល់តែម្តង ជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល។

ជាមួយនឹងការរីករាលដានជំងឺនេះ អាជ្ញាធរស្រុក ខេត្ត និងមន្ត្រីជំនាញ កំពុងសហការគ្នាជាបន្ទាន់ ដើម្បីមានវិធានការបង្ការ និងទប់ស្កាត់ ព្រមទាំងបានណែនាំផ្ទាល់ដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកចិញ្ចឹមសត្វជ្រូក នូវបច្ចេកទេស នៃការបាញ់ថ្នាំសម្លាប់មេរោគ និងការពារ។ ក្រុមមន្រ្តីក៏បានចែកថ្នាំទាំងនោះ ជូនបងប្អូនប្រជាកសិករផងដែរ ហើយបានចាត់ឲ្យមន្ត្រីជំនាញចុះតាមខ្នងផ្ទះ ប្រជាពលរដ្ឋ ស្រង់ស្ថិតិអ្នកចិញ្ចឹមសត្វជ្រូកទៀតផង។

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ អភិបាលស្រុកស្អាង លោក ញឹម វណ្ឌិត និងលោក ប៊ុន ទួនស៊ីមូណា ប្រធានមន្ទីរកសិកម្មខេត្តកណ្តាល បានដឹកនាំមន្រ្តីជំនាញ និងមន្រ្តីមូលដ្ឋានចុះត្រួតពិនិត្យ បញ្ហានេះជាក់ស្តែងហើយ។

លោក ញឹម វណ្ឌិន បានប្រាប់ថា «បើយោងតាមមន្ត្រី នៃមន្ទីរពសុព្យាបាលខេត្តកណ្តាល ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ មិនបង្កឲ្យប៉ះពាល់សុខភាពមនុស្សនោះទេ ប៉ុន្តែមនុស្សជាអ្នកចម្លងជំងឺទៅឲ្យ សត្វជ្រូក បង្កឲ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារ នៅពេលយើងចិញ្ចឹមជ្រូករួចវាងាប់អស់នោះ»

លោក អុល ដូរិន ប្រធានមន្ទីរពសុពេទ្យខេត្តកណ្តាល បានប្រាប់ផងដែរថា ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ បណ្តាលមកពីអ្នកប្រកបរបរលក់សាច់ជ្រូកទិញជ្រូក ដែលឈ្មួញនាំពីប្រទេសជិត ខាងចូលកាន់កម្ពុជា រួចធ្វើយកសាច់លក់នៅលើទីផ្សារ ហើយអ្នកហូបទិញយកទៅផ្ទះយកសាច់ទៅលាងចឹងវីវុសនោះ ចាប់ផ្តើមពង្រីកវិសាលភាពរបស់វា និងទៅសម្លាប់សត្វជ្រូករបស់បងប្អូន ប្រជាពរដ្ឋតែម្តង។ ម្យ៉ាងវិញទៀត ការដឹកជញ្ជូនសាច់ជ្រូកផ្ទុកជំងឺនេះ ពេលទឹក ឬឈាមវាហូរមកលើដី ហើយបើមានសត្វជ្រូកដើរកាត់គឺវា និងតោងជ្រូកនោះរួចបង្កជាជំងឺរហូតជ្រូកនោះងាប់។

លោក ប៊ុន ទួនស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាលបានឲ្យដឹងដែរថា លោកបានបែងចែកកម្លាំងជា ៧ផ្នែក ដោយមានម៉ាស៊ីនបាញ់ថ្នាំ ៧គ្រឿង តូច៦ធំ ១គ្រឿង ដើម្បីចុះបាញ់សម្លាប់មេរោគ និងការពារមេរោគនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វជ្រូក ហើយសត្វជ្រូកដែលមានជំងឺនេះ គឺយើងត្រូវតែកំទេចចោល ហើយយើងដាក់តំបន់ដែលកើតមានជំងឺនេះ ជាតំបន់ហាមឃាត់។

អ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី បានបញ្ជាក់ថា សម្រាប់របាយការណ៍ជាផ្លូវការខាងក្រសួងមិនទាន់ទទួលបាននោះទេ តែក្រុមការងារនឹងចុះពិនិត្យការងារនេះជាបន្ទាន់ ហើយជ្រូកងាប់ទាំងនេះ សង្ស័យមកពីជំងឺនេះហើយ។

ដោយឡែកនៅឃុំស្អាងភ្នំ ដែលជាប់ព្រំប្រទល់ ឃុំក្រាំងយ៉ូវវិញ ក្រុមការងារគណៈពង្រឹងឃុំដែលមានលោក អ៊ាវ ចំរើន ជាប្រធាននោះ ក៏បាននិងកំពុងចុះអន្តរាគមន៍រឿងនេះជាបន្ទាន់ផងដែរ ដោយសហការជាមួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន។

កញ្ញា យុង ខេមរា អនុប្រធានក្រុមការងារចុះជួយឃុំស្អាងភ្នំ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា កញ្ញា បានដឹកនាំក្រុមការងារចុះទៅផ្សព្វផ្សាយទប់ស្កាត់ជំងឺប៉េស្តជ្រូក អាហ្វ្រិកនេះ នៅតាមបណ្តាភូមិទាំង ៩ក្នុងឃុំតែម្តង។ តែយ៉ាងណាក៏ដោយនោះ សម្រាប់ឃុំស្អាងភ្នំនេះ ត្រូវបានកញ្ញាបញ្ជាក់ថា ទើបតែមានមេជ្រូក២ក្បាលប៉ុណ្ណោះ ដែលឈឺសង្ស័យឆ្លងនូវជំងឺនេះ ហើយក្រុមការងារ និងមន្រ្តីជំនាញកំពុងតែធ្វើការទប់ស្កាត់ករណីនេះហើយ ដើម្បីទប់ស្កាត់ជាមុនមិនឲ្យរីករាលដាលជំងឺនេះចូលមកដល់ឃុំស្អាងភ្នំ។

តាមរយៈការចុះសួរនាំ និងត្រួតពិនិត្យជាក់ស្តែងនៅតាមខ្នងផ្ទះនោះ កញ្ញា យុង ខេមរា បានថ្លែងបញ្ជាក់ថា «ប្រជាពលរដ្ឋនៅទីនេះ មិនទាន់បានទទួលព័ត៌មានអំពីជំងឺប៉េស្តនេះនោះទេ ខ្លះមិនចាប់អារម្មណ៍នោះឡើយ ដោយសារមមាញឹកនឹងការប្រកបរបរចិញ្ចឹមជីវិត ដូច្នេះការចូលរួមផ្សព្វផ្សាយនេះ គឺរួមចំណែកបញ្ចៀសហានិភ័យផងដែរ»។

ក្រុមការងារបានសំណូមពរឲ្យមានការចូលរួមផ្សព្វផ្សាយជាមុន តាមបណ្តាមូលដ្ឋាននានាបន្ថែម ពីគ្រប់បណ្តាមជ្ឈដ្ឋានពាក់ព័ន្ធដែលមានការសហការពីប្រជាពលរដ្ឋ។

កាលពីម្សិលមិញ អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ បានស្នើលោកអភិបាល ក្រុងស្រុក និងលោកប្រធានមន្ទីកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ប្រធានមន្ទីរសុខាភិបាល លោកស្នងការនគបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការតំបន់សឹករងខេត្តកណ្តាលចាត់វិធានការតាមដាន នៃការប្រែប្រួលជម្ងឺឆ្លងរាតត្បាតនេះនៅមូលដ្ឋានរបស់ខ្លួន ករណីរកឃើញថា មានជម្ងឺកើតឡើងខាងលើ ត្រូវចាត់វិធានការ និងរាយការណ៍មកខេត្តទាន់ពេល។

អភិបាលខេត្ត ក៏បានបញ្ជា សមត្ថកិច្ចតាមច្រកទ្វារព្រំដែន និងកងកំលាំងប្រតិបត្តិការឈរជើងតាមព្រំដែនវៀតណាម ស្នើចាត់វិធានការទប់ស្កាត់រាល់ការចរាចរដឹកជញ្ជូនជ្រូករស់ និងសាច់ជ្រូកចូលមកក្នុងប្រទេសជាដាច់ខាត៕