(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះពិនិត្យស្ថានភាពអ្នកជំងឺ ដែលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ពិសេសលើករណីជំងឺគ្រុនឈាម។

ក្នុងឱកាសនោះ រដ្ឋមន្រ្ដី ម៉ម ប៊ុនហេង បានថ្លែងជំរុញលើកទឹកចិត្ដដល់គ្រូពេទ្យ បន្ដយកចិត្ដទុក្ខដាក់បន្ថែមទៀត លើការពិនិត្យតាមដានស្ថានភាពអ្នកជំងឺគ្រុនឈាម ដើម្បីអង្កេតពីការប្រែប្រួលនៃជំងឺ ដោយចៀសវាងមានករណីជំងឺអ្វីផ្សេងបន្ថែមទៀត លើជំងឺនេះ ដែលអាចបង្កឱ្យគ្រោះថ្នាក់ដល់ជីវិត និងណែនាំអប់រំដល់គ្រួសារអ្នកជំងឺ ពីរបៀបថែទាំកូន និងការពារកូនៗចៀសផុតពីជំងឺនេះផងដែរ។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងថា «យើងសូមលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យទាំងអស់ ប្រជុំដាក់កិច្ចការងាររាល់ព្រឹក ដើម្បីពិនិត្យមើលការងារ និងដោះស្រាយរាល់តំរូវការ និងសំនូមពររបស់អ្នកជំងឺ ដោយយើងរួមគ្នារកដំណោះស្រាយ ។កាលណាបើពេទ្យយើង សាមគ្គីរឹងមាំ អ្នកជំងឺយើង កាន់តែមានភាពកក់ក្ដៅ»។

រដ្ឋមន្ដ្រីបន្ដថា «ពិតណាស់ខ្ញុំសប្បាយចិត្ដ ពេលឃើញការងាររបស់ក្រុមគ្រូពេទ្យយើង ខិតខំប្រឹងប្រែងបំពេញកិច្ចការងារ យ៉ាងយកចិត្ដទុក្ខដាក់ បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋយើង បានយ៉ាងល្អប្រសើរ។ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនេះ មិនត្រឹមតែគ្របដណ្ដប់លើសេវាបម្រើសុខភាពជូនប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ តែក៏ជាមន្ទីរពេទ្យបង្គោលមួយ ដែលធ្វើការសង្គ្រោះបន្ទាន់គ្រប់ពេលមានពិធីពិសេសៗ និងបុណ្យជាតិធំៗនៅកម្ពុជាយើង»។

លើសពីនោះ គ្រូពេទ្យ មានភារៈកិច្ចព្យាបាលថែទាំអ្នកជំងឺ ចឹងបើពេទ្យយើងមិនសាមគ្គីគ្នាទេ គ្មានទំនួលខុសត្រូវរួមគ្នាទេ ជាការងារមួយលំបាកដល់អ្នកជំងឺ ព្រោះថា អ្នកជំងឺមួយៗ អាចត្រូវការគ្រូពេទ្យជាច្រើននាក់ ជួបជុំគ្នាដើម្បីរកដំណោះស្រាយ ក្នុងសង្គ្រោះឱ្យរួចផុតពីគ្រោះថា្នក់។ ចំពោះស្ថានភាពជំងឺគ្រុនឈាមគឺ ក្រសួង និងក្រុមគ្រូពេទ្យយើង បានបន្ដពង្រឹងនូវគុណភាព ដោយត្រៀមសង្គ្រោះប្រជាពលរដ្ឋយើង។

រដ្ឋមន្ដ្រីបន្ដថា សម្រាប់ស្ថានភាពជំងឺគ្រុនឈាមសព្វថ្ងៃនេះ យើងក៏អាចគ្រប់គ្រងបានផងដែរ ដោយពេលនេះ ១១ខេត្ដក្រុង មិនមានការកើនឡើងនៃជំងឺគ្រុនឈាមនោះទេ តែទោះជាយ៉ាងណា យើងនៅបន្ដស្វះស្វែង ក្នុងការពង្រឹជំរុញបង្កើនដល់សា្មរតីក្រុមគ្រូពេទ្យ ជាពិសេស ត្រូវការមានការចូលរួមចំណែកដ៏ធំពីប្រជាពលរដ្ឋយើង កាលណាគាត់មានការយល់ដឹងកាន់តែច្រើន ពីមូលហេតុ និងវិធានការទប់ស្កាត់នៃជំងឺគ្រុនឈាម នោះនឹងគ្មានជំងឺគ្រុនឈាមលើក្រុមគ្រួសារគាត់នោះឡើយ ដោយគ្មានជម្រកដង្កូវទឹក គ្មានមូសខ្លា, គ្មានមូសខ្លា គ្មានការចម្លងជំងឺគ្រុនឈាម។

ជម្រកមូសខ្លាញី មិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ, មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង។ល។ ការដាក់អាបែតក្នុងពាង និងអាងទឹក ដើម្បីសម្លាប់ដង្កូវទឹកជា ការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕