(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំអំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌចំកាមន ទៅចែកជូនបងប្អូនជនចាស់ជរាពិការ ក្រីក្រលំបាក ចំនួន៣០គ្រួសា នៅសង្កាត់ទន្លេបាសាក់។

នៅក្នុងឱកាសនោះដែរលោក ថេង សុថុល បានថ្លែងថា ក្នុងនាមកាកបាទក្រហមរាជធានី និងអនុសាខាកាកបាទខណ្ឌចំការមន ដោយទទួលបាននូវព័ត៌ពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងនាមសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារចុះនាំយកអំណោយ ដើម្បីជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋដែល កំពុងមានការខ្វះខាតចាំបាច់ចំពោះមុខ លើសពីនេះ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើរសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកផងដែរ។

លោកបានបន្តថា អំណោយទាំងនេះ គឺជាអំណោយដែលកើតចេញពីទឹកចិត្ត និងបេះដូងមនុស្សធម៌រួមគ្នា សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះខាតចំពោះមុខ។ លោកអភិបាលខណ្ឌចំការមន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រួបរួមគ្នា ដើម្បីការពារសន្តិភាព ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីការរីកចំរើននិងអភិវឌ្ឍនៅក្នុងប្រទេស ទាំងការរៀនសូត្រ និងចំណេះដឹងសំរាប់ជាកូនចៅជំនាន់ក្រោយផងដែរ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរា ពិការ ចំនួន ៣០គ្រួសារ មកពីភូមិចំនួន១៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា ក្នុងមួយគ្រួសារទទួលបានអំណោយអង្ករ៣០គីឡូក្រាម ឃីដមួយកញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀល ផងដែរ៕