(ភ្នំពេញ)៖ លោក រៀល សុភិន ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចចោទប្រកាន់យុវជន គង់ រ៉ៃយ៉ា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលជាបទល្មើសមួយ ធ្លាប់ឱ្យយុវជននេះជាប់ពន្ធនាគារម្តងរួចទៅហើយ កាលពី៣ឆ្នាំមុន។

លោក រៀល សុភិន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា បន្ទាប់ពីចោទប្រកាន់ហើយនោះ ជនត្រូវចោទ គង់ រ៉ៃយ៉ា នឹងត្រូវបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីតុលាការ។

ជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា និងបក្ខពួក៣នាក់ទៀត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពួកគេបានបោះពុម្ពទ្រឹស្ដីរបស់ លោកបណ្ឌិត កែម ឡី នៅលើអាវយឺតព័ណ៌ខ្មៅ និងស ដែលសមត្ថកិច្ចសង្ស័យថា មានខ្លឹមសារញុះញង់ដោយភ្ជាប់នឹងថ្ងៃមរណភាព លោកបណ្ឌិត កែម ឡី ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាល។ ក្រោយឃាត់ខ្លួនយកទៅសាកសួរ សមត្ថកិច្ច បានសម្រេចឲ្យមនុស្ស៣នាក់ទៅផ្ទះវិញដោយទុកតែជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា ម្នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ។

ជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ម្តងរួចមកហើយកាលពីថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០១៦ ដោយចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារតែយុវជននេះ បានប្រកាសឲ្យមហាជនចូលរួមធ្វើបដិវត្តន៍ពណ៌តាមបណ្ដាញសង្គម Facebook ជាមួយនឹងរូបគេ៕