(ភ្នំពេញ)៖ សមត្ថកិច្ចបានសម្រេចដោះលែងយុវជនកូនភ្លោះឈ្មោះ ជុំ ហួត និងជុំ ហួ ហើយនាល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ បន្ទាប់ពីមានការធានា និងធ្វើកិច្ចសន្យាមួយ ចំណែកឯយុវជនម្នាក់ទៀត ដែលចែកខិតបណ្ណញុះញង់ ពាក់ព័ន្ធឃាតកម្ម លោក កែម ឡី ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនជាមួយគ្នានោះ ត្រូវបានសមត្ថកិច្ចមិនអនុញ្ញាតឱ្យធានានោះទេ ដោយនឹងត្រូវបញ្ជូនទៅតុលាការ។

លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ដែលបានធានាដល់ការរួចខ្លួនរបស់ យុវជនកូនភ្លោះទាំងពីរ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សមត្ថកិច្ចបានធ្វើកិច្ចសន្យាមួយ ដោយឱ្យពួកគាត់បង្ហាញខ្លួន នៅពេលដែលសមត្ថកិច្ចត្រូវការកោះហៅ។ ចំណែក យុវជនម្នាក់ទៀត ឈ្មោះ សួង នាគព័ន្ធ នោះលោកមិនអាចធានាបាន ដោយសារតែសមត្ថកិច្ចអះអាងថា គាត់បានចែកខិត្តបណ្ណដែលមានលក្ខណៈញុះញង់ វាយប្រហារលើរដ្ឋាភិបាល។

យុវជនទាំង៣រូប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅទីតាំងស្តាម៉ាបបូកគោ ដែលជាកន្លែងឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី កាលពីឆ្នាំ២០១៦ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចសង្ស័យថា បានចែកខិត្តបណ្ឌញុះញង់ វាយប្រហារមកលើរាជរដ្ឋាភិបាល។

មរណភាពរបស់ លោកបណ្ឌិត កែម ឡី កាលពី៣ឆ្នាំមុន បានក្លាយជាប្រធានបទរបស់ ក្រុមប្រឆាំង ក្នុងការចោទប្រកាន់មកលើរាជរដ្ឋាភិបាល ទោះពីជាឃាតករ ដែលបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ត្រូវបានចាប់ខ្លួនហើយក៏ដោយ។ កន្លងទៅនេះ លោក សម រង្ស៉ី និងដៃជើងរបស់លោក មួយចំនួនទៀត ដែលញុះញុះករណីនេះ ក៏ត្រូវបានតុលាការកោះហៅ និងកាត់ទោសផងដែរ៕