(ភ្នំពេញ)៖ លោក មូល សារិទ្ធី អគ្គលេខាធិការ និងជាតំណាងលោកប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បានទទួលជួបជាមួយលោក George Kim, J.H ប្រធានក្រុមហ៊ុន JS GLOBAL CORPERATION និងជាភ្នាក់ងារសហគ្រាសធនតូច និងមធ្យមរបស់រដ្ឋាភិបាលកូរ៉េ ដែលមានបទពិសោធន៍ជាង២៥ឆ្នាំមកហើយ។

គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងរកដៃគូ ក្រុមហ៊ុន ឬរោងម៉ាស៊ីនក្នុងការសហការគ្នា នាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសអាហ្រិក និងសហការនាំផលិតផលជីសេរីរាង (Organic Fertilizer) និងគ្រឿងចក្រកសិកម្មពីកូរ៉េ មកចែកចាយនៅកម្ពុជា។

លោក មូល សារិទ្ធី បានឲ្យដឹងថា កិច្ចសហការគ្នា មានជាជម្រើស២ ទី១៖ គាត់នឹងអាចកម្មង់ទិញអង្ករផ្ទាល់ពីកម្ពុជាយើង នាំចេញទៅផ្ទាល់ ឬ ទី២៖ អាចនាំក្រុមហ៊ុននាំចេញយើង ទៅជួបពិភាក្សាជាមួយអ្នកទិញនៅអាហ្រិច ឬគាត់នឹងនាំអ្នកទិញអង្ករពីអាហ្រិច មកទស្សនកិច្ចនៅកម្ពុជាក៏បាន។

អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានទទួលស្វាគមន៍ និងបង្ហាញពីជំហរ ក្នុងការជួយសម្របសម្រួល ឲ្យមានការសហការនេះ ដោយនឹងពាំនាំនូវសំណើទាំងនេះ ជូនថ្នាក់ដឹកនាំ និងផ្តល់ព័ត៌មាននេះ ទៅកាន់ក្រុមហ៊ុននាំចេញ ឬរោងម៉ាស៊ីនដែលគាត់ចាប់អារម្មណ៍ និងមានបទពិសោធន៍នាំចេញទៅកាន់អាហ្រិច ដើម្បីពិភាក្សាលម្អិតថែមទៀតក្នុងពេលឆាប់ៗនេះ។

ជាលទ្ធផល ភាគីទាំងពីរបានបញ្ជាក់ថា នឹងសហការគ្នា ដើម្បីនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអាហ្រិចនាពេលខាងមុខ៕