(មណ្ឌលគិរី)៖ រថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ពិបាកក្នុងការនាំចេញមកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានថ្លែងថា រថយន្តដឹកឈើនៅក្នុងព្រៃចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃ ត្រូវធ្វើការបំផ្លាញចោលតែម្តង ដោយប្រើម្សៅ TNT។ សម្រាប់រថយន្តល្មើសជាង ៤០គ្រឿងទៀត ដែលត្រូវបានបង្ក្រាប និងរឹបអូសផងដែរនោះ រង់ចាំការកាត់ចោល និងបំផ្លាញចោលនៅពេលក្រោយ។

ដោយឡែកសំណុំរឿងនៃការចាប់ខ្លួនលោកឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ផ្សេងទៀត ដែលរងការចាប់ខ្លួនផងដែរនោះ ត្រូវបានលោកឧត្តមសេនីយ៍អ្នកនាំពាក្យអះអាងថា អាចផ្ទេរមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។

សូមបញ្ជាក់ថា កាលពីម្សិលមិញ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿងផងដែរ។

អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវឲ្យក្រុមឈ្មួញដែលពាក់ព័ន្ធបទល្មើសព្រៃឈើនេះ ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាក់ជាមិនខានឡើយ។

ប្រតិបត្តិការដ៏ក្តៅគគុកនេះ បានកើងមានឡើងបន្ទាប់ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដើម្បីរឹតបន្តឹងច្បាប់ឲ្យបានតឹងរ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែងតែម្តង។

លោកឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ថា កន្លងទៅគណៈកម្មការជាតិ បានធ្វើការត្រួតពិនិត្យឃើញថា ទោះបីមានការផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ក៏ដោយ នៅតែមានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់មធ្យោបាយគ្រប់រូបភាព។

លោកបន្តថា ដើម្បីថែរក្សាបានព្រៃឈើគង់វង្ស គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងអនុវត្តវិធានការដូចក្រោម៖

*ទី១៖ បុគ្គល ឬក្រុមហ៊ុន ដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។

*ទី២៖ មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ...) ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង។

លោកឧត្តមសេនីយ៍ក៏បានអំពាវនាវដល់សមត្ថកិច្ចជំនាញ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ មេត្តារួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ផ្លាស់ប្តូរផ្នត់គំនិត ពីការប្រកបមុខរបរកាប់ឈើ ដឹកជញ្ជូនឈើខុសច្បាប់ ទៅប្រកបមុខរបរស្របច្បាប់វិញ ដើម្បីរួមគ្នាការពារបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ៕

Advertising