(ព្រះវិហារ)៖ រដ្ឋបាលខេត្តខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីណែនាំមួយដល់អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាព មេបញ្ជាការកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទស្តីពី ការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធិភាព។

តាមរយៈសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលចុះហត្ថលេខាដោយលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បានជម្រាបជូនលោកអភិបាល ក្រុង ស្រុក ប្រធានមន្ទីរអង្គភាព និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឲ្យបានេជ្រាបថា៖

«ដោយពិនិត្យឃើញថា ទោះបីជាមានការផ្សព្វផ្សាយអប់រំ ណែនាំ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិជាប្រចាំ យ៉ាងណាក៏ដោយ ក៏ការលួចបន្លំប្រព្រឹត្តបទល្មើសនៅតែកើតមានឡើង ជាបន្តបន្ទាប់តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព»

ដើម្បីរក្សាបាននូវធនធានធម្មជាតិឲ្យបានគង់វង្ស រដ្ឋបាលខេត្ត សូមដាក់ចេញនូវវិធានការសម្រាប់រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពជំនាញ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធអនុវត្តដូចខាងក្រោម៖

*ទី១៖ បន្តផ្សព្វផ្សាយ អប់រំ ណែនាំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ (បទល្មើសព្រៃឈើ ការកាប់រានទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ការចាប់សត្វព្រៃ និងការនាំចេញសត្វព្រៃខុសច្បាប់ និងការរុករកធនធានរ៉ែដោយខុសច្បាប់
*ទី២៖ ត្រូវអនុវត្តឲ្យបានតឹងរឹងនូវវិធានការច្បាប់ចំពោះបុគ្គល ឬក្រុមហ៊ុនដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសធនធានធម្មជាតិ
*ទី៣៖ មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ) ដែលពាក់ព័ន្ធនិងបទល្មើសព្រៃឈើ ត្រូវស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនិងកន្លែង៕