(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម ជាមួយលោកស្រី Yong Sarah Zhou ប្រធានស្ថានតំណាង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ក្នុងខណៈដែលលោកស្រី បានបញ្ចប់អាណត្តិបេសកកម្មរបស់លោកស្រីនៅកម្ពុជា។

ជំនួបនេះ បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០១៩ នៅទីស្តីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកស្រី Yong Sarah Zhou និងវាយតម្លៃខ្ពស់ ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជានិច្ចកាលតែងតែរួមចំណែក ក្នុងកិច្ចការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងមូលនិធិរូបិយវត្ថុអន្តរជាតិ ។

បន្ថែមលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធិ រូបលោកស្រីផ្ទាល់ ក៏ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសមត្ថភាពមន្រ្តីជំនាញកម្ពុជា តាមរយៈការបណ្តុះបណ្តាល, ការចែករំលែកបទពិសោធន៍ ជាក់ស្តែង និងការអភិវឌ្ឍជំនាញដល់មន្រ្តីកម្ពុជា ក៏ដូចជា ការជ្រើសរើសមន្រ្តីសេដ្ឋវិទូកម្ពុជា ជាអ្នកហាត់ការ (Secondee) ប្រចាំនៅការិយាល័យមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា ។

ជាមួយគ្នានេះ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានស្នើលោកស្រីជួយផ្សព្វផ្សាយពីស្ថានភាពអភិវឌ្ឍ ការរីកចម្រើនជាក់ស្តែង និងការពិតនៅកម្ពុជា នាពេលបច្ចុប្បន្ន ជូនដល់ដ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តី នៅទីស្នាក់ការកណ្តាល នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជាតាមវេទិកានានា ដែលលោកស្រីអាចនឹងអញ្ជើញចូលរួម ។

លោកស្រី Yong Sarah Zhou ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងអបអរសារទរចំពោះសមិទ្ធផលដែលកម្ពុជា សម្រេចបានកន្លងមកដែលលោកស្រីជាសាក្សីផ្ទាល់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាង IMF ជាមួយរដ្ឋាភិបាលកម្ពុជា ។

លោកស្រី Yong Sarah Zhou បានបញ្ជាក់ថា លោកស្រីមានការពេញចិត្តយ៉ាងខ្លាំង ចំពោះបេសកកម្មនៅកម្ពុជា ក្នុងរយៈពេលប្រមាណ ៤ឆ្នាំនេះ ដែលជាឱកាសដ៏ពិសេស ក្នុងការអង្កេតឃើញផ្ទាល់នូវវឌ្ឍនភាព, ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ។ លោកស្រី សន្យានឹងជួយផ្សព្វផ្សាយពីស្ថានភាពអភិវឌ្ឍ ការរីកចម្រើនពិតជាក់ស្តែងនៅកម្ពុជា នៅតាមវេទិកានានាដែលលោកស្រីនឹងចូលរួម ។

លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំស្មារតី នៃកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធ នៅតែបន្តជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជា ជាមួយប្រធានស្ថានតំណាងថ្មី ដែលអញ្ជើញមកបន្តបេសកកម្ម បន្ទាប់ពីលោកស្រីនាពេលខាងមុខ ហើយបានជូនពរលោកស្រី Yong Sarah Zhou ឲ្យទទួលបានជោគជ័យក្នុងបំពេញភារកិច្ចថ្មី៕