(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៣ (13th ASEAN Defence Ministers' Meeting (ADMM)) នៅទីក្រុងបាងកក ប្រទេសថៃ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ការអញ្ជើញចូលរួមកិច្ចប្រជុំរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងតបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ដោយសារឆ្នាំនេះ ថៃបានធ្វើប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំអាស៊ាន។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍ថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៣ ត្រូវបានរំពឹងថា នឹងពិភាក្សាផ្តោតសំខាន់លើបញ្ហា ប្រឈមរបស់អាស៊ាន ដើម្បីលើកកម្ពស់ សន្តិភាពប្រកបដោយចីរភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់។

សម្តេចពិជ័យសេនា ទៀ បាញ់ នឹងត្រូវបានផ្តល់កិត្តិយសឱ្យអញ្ជើញថ្លែងសុន្ទរកថាគន្លឹះមួយចំនួន នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៣ផងដែរ។ នេះបើតាមការអះអាងរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ៕