(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហោះសារប្រាប់ជនរួមជាតិថា សម្ដេចបានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ ហើយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចនឹងត្រឡប់មកប្រទេសកម្ពុជាវិញហើយ ក្រោយសុខភាពត្រឡប់មកធម្មតាវិញ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា បន្ទាប់ពីត្រឡប់មកដល់កម្ពុជាវិញ សម្ដេចនឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

តាមរយៈ Facebook សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងយ៉ាងដូច្នេះថា «ជនរួមជាតិជាទីនឹករឮក និងកូនក្មួយជាទីស្រឡាញ់ ពុកបានចេញពីមន្ទីពេទ្យ មកនៅសណ្ឋាគារ តាំងពីព្រឹកម្សិលមិញម្ល៉េះ ថ្ងៃទី១០ កក្កដានេះ នឹងត្រឡប់មកដល់ភ្នំពេញវិញ ដើម្បីដឹកនាំប្រជុំគណៈរដ្ឋមន្ត្រីនៅ ថ្ងៃទី១២ កក្កដា ២០១៩។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលបានជូនពរ ឬបារម្ភពីសុខភាពខ្ញុំ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានសុំលុបចោលរាល់ជំនួបទាំងឡាយ ដោយសារតែសម្តេចត្រូវអញ្ជើញទៅពិនិត្យសុខភាព នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធបញ្ហាគ្រិចស្មាខាងស្តាំ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅសិង្ហបុរីនោះ សុខភាពរបស់សម្តេចតេជោ ហ៊ុន សែន បានវិលមកភាពប្រក្រតីវិញហើយ៕