(សៀមរាប)៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពចំណីអាហារ និងប្រព័ន្ធគ្រប់គ្រងគុណភាពជូនដល់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុយ ដាវិន ប្រធានមជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ និងលោកឧត្តមសេនីយ៍ត្រី ម៉ក ធារ៉ា ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត។

លោកឧត្តមសេនីយ៍ត្រី ម៉ក ធារ៉ា បានបញ្ជាក់ថា គោលបំណងដែលស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីចង់ឲ្យ មន្រ្តីនគរបាលជំនាញ និងមន្ត្រីនគរបាលនៅមូលដ្ឋាន បានយល់ដឹងច្បាស់អំពីសុវត្ថិភាពចំណីអាហារ ផលប៉ះពាល់ពីការបរិភោគចំណីមានសារធាតុពុល ឬសារធាតុគីមី និងវិធីសាស្រ្ត នៃការត្រួតពិនិត្យគុណភាពចំណីអាហារ ព្រមទាំងប្បញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធ ដើម្បីយកទៅផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានសម្រាប់បង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់។

លោកស្នងការរងរំលឹកថា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិកន្លងទៅនេះ នាយកឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍ណែនាំដល់កងកម្លាំងនគរបាលរាជធានី/ខេត្ត/ក្រុងទាំងអស់ ត្រូវបង្កើនការខិតខំបន្ថែមទៀតក្នុងការអនុវត្តការងារជំនាញ ដើម្បីបង្ការ ទប់ស្កាត់និង បង្រ្កាបបទល្មើសឪសថក្លែងក្លាយ និងចំណីអាហារមានសារធាតុពុល និងមេរោគ ដែលវាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា បច្ចុប្បន្នដោយសារបច្ចេកវិទ្យាមានការរីកចម្រើនជឿនលឿនយ៉ាងខ្លាំង បានធ្វើឲ្យពិភពលោកមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស តាមរយៈការរីកចម្រើន នៃបច្ចេកវិទ្យានេះ វាបានបង្កើតភាពងាយស្រួលជាច្រើនដល់មនុស្សលោកយើងលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យពាណិជ្ជកម្ម អន្តរជាតិផងដែរ។ ទន្ទឹមនឹងការរីកចម្រើននេះ ក្រុមឧក្រិដ្ឋជនបានប្រើបច្ចេកវិទ្យាផលិតឪសថក្លែងក្លាយ ទំនិញក្លែងក្លាយ ចំណីអាហារក្លែងក្លាយ និងសារធាតុគីមី សម្រាប់ដាក់ក្នុងចំណីអាហារឲ្យរក្សាទុកបានយូរឲ្យឆាប់ទុំ ឆាប់ធំ និងប្រើប្រាស់សារធាតុគីមីក្នុងជី និងថ្នាំបាញ់សម្រាប់វិស័យកសិកម្ម ឲ្យទទួលបានទិន្នផលខ្ពស់ជាដើម ដែលកត្តាទាំងអស់នេះ វាអាចបង្កឲ្យគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋទូទៅ។

ដូច្នេះដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យមានប្រសិទ្ធិបាន លុះត្រាតែមន្រ្តីនគរបាលជំនាញ និងមន្រ្តីនគរបាលនៅមូលដ្ឋានយើងយល់ឲ្យច្បាស់អំពី សុវត្ថិភាពចំណីអាហារ វិធីសាស្រ្តក្នុងការត្រូតពិនិត្យគុណភាពចំណីអាហារ និងច្បាប់ពាក់ព័ន្ធផ្សេងៗ ដើម្បីយកទៅអនុវត្ត។ វគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ដល់មន្រ្តីនគរបាល ដោយលោកសំណូមពរឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ កត់ត្រានូវការណែនាំ ចង្អុលបង្ហាញពីគន្លឹះ និងការចែករំលែកបទពិសោធន៍របស់អ្នកជំនាញ ដើម្បីយកទៅផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអនុវត្តការងារជំនាញឲ្យទទួលបានជោគជ័យ៕