(ភ្នំពេញ)៖ លោក ព្រុំ សុខា និងក្រុមញាតិគ្រួសារ បានផ្ញើលិខិតថ្លែងអំណរគុណជូន ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចក្រឡាហោម ស ខេង ដែលបានផ្ញើសាររំលែកមរណទុក្ខ និងបានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពឧបាសិកា ស៊ុន យុត ត្រូវជាម្តាយ ជាជីដូន និងជាជីដូនទួត ដែលបានទទួលអនិច្ចកម្មកាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០០៖៣៦នាទី ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។

ក្នុងលិខិតថ្លែងអំណរគុណ លោក ព្រុំ សុខា និងក្រុមញាតិគ្រួសារ បានសម្តែងនូវអំណរគុណប្រកបដោយកត្តញ្ញូតាធម៌ ជូនចំពោះកាយវិការពោរពេញដោយទឹកចិត្តស្រលាញ់រាប់ អានដ៏ស្មោះរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចក្រឡាហោម ក្នុងនាមជាថ្នាក់ដឹកនាំ ប្រកបដោយព្រហ្មវិហារធម៌ ចំពោះគ្រួសារសពនិងចាត់ទុកសមានចិត្តសណ្តោសប្រណីនេះ ជាការលើកទឹកចិត្តដ៏ថ្លៃថ្លាបំផុតចំពោះលោក និងក្រុមញាតិគ្រួសារ ឱ្យរួមសាមគ្គីគ្នារក្សាកិត្តិយសសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ ដើម្បីរួមចំណែកបំពេញការងារ បំរើប្រទេសជាតិបន្តទៅទៀត៕