(ក្រចេះ)៖ លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះពិនិត្យវឌ្ឍនភាព និងការរៀបចំប្រព្រឹត្តទៅនៃព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នាថ្ងៃទី០៩ ខែកក្កដាស្អែកនេះ។

ក្រោយពីបានធ្វើការពិនិត្យរួច លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់មន្ត្រីជំនាញ រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរៀបចំព្រះរាជពិធីនេះ យ៉ាងល្អប្រសើរ និងស្រស់ត្រកាលសម្រាប់ថ្ងៃស្អែក ៩ កក្កដា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី និងសហការីក៏បានធ្វើការបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធក្នុងលោក ពិសេសទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះរាជបល្ល័ង្ក ព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមតាមជួយឲ្យ ព្រះរាជដំណើររបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះរាជពិធីនាថ្ងៃស្អែក សូមប្រកបដោយព្រះរាជសុវត្ថិភាព ព្រះរាជសុខភាព ព្រះកាយពលមាំមួន និងសូមឲ្យព្រះរាជកិច្ចរបស់ព្រះអង្គទទួលបានជោគជ័យ ដើម្បីភាពកក់ក្តៅរបស់ប្រជារាស្រ្តរបស់ព្រះអង្គជារៀងទៅ៕