(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូមកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដើម្បីពិភាក្សាពីឱកាសបង្កើតភាពជាដៃគូសហប្រតិបត្តិការអភិវឌ្ឍ ជាមួយបណ្តាក្រុមធំៗរបស់សហរដ្ឋអាមេរិក តាមរយៈក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន US-ASEAN នៅទីស្តីការក្រសួងសាធារណការ។

ក្រុមគណៈប្រតិភូមកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាននេះ បានដឹកនាំដោយលោក Alexander Feldman ជាប្រធាននៃក្រុមប្រឹក្សាធុរកិច្ច អមដោយគណៈប្រតិភូមកពីក្រុមហ៊ុន អាមេរិកជាច្រើនរូបទៀតដូចជា៖ ក្រុមហ៊ុន General Electric (GE) ក្រុមហ៊ុន Chevron ក្រុមហ៊ុន Cisco ក្រុមហ៊ុន Coca-Cola ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Facebook ក្រុមហ៊ុន Ford ក្រុមហ៊ុន Visa ក្រុមហ៊ុន Oracle ក្រុមហ៊ុន RMA Group។

ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនគណៈប្រតិភូអំពី គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការសិក្សាគម្រោង Monorail ផ្លូវរថភ្លើងក្រោមដី និងគម្រោង AGT ជាដើម។ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបគណៈប្រតិភូអំពីគម្រោងកំពុងបន្ត ក្នុងកិច្ចការងារពង្រឹងសុវត្ថិភាពចរាចរណ៍ ការសិក្សាដើម្បីរៀបចំបទដ្ឋានសម្រាប់កំណត់អាយុកាលនៃការប្រើប្រាស់យានយន្ត បទដ្ឋានបច្ចេកទេសសម្រាប់យានយន្តត្រូវប្រើប្រាស់នៅកម្ពុជា ការជំរុញការប្រើប្រាស់យានយន្តប្រើថាមពលអគ្គិសនី និងការគាំពារបរិស្ថាន ក្រោមកិច្ចសហការជាពី UNDP។

លោកទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពី ការរៀបចំនីតិវិធី និងប្រព័ន្ធចុះបញ្ជីលក់លេខពិសេសផ្ទាល់ខ្លួន ដែលមាន៨ខ្ទង់ និងការដេញថ្លៃជាសាធារណៈ ដោយប្រើប្រាស់បច្ចេកវិទ្យា នាយុគសម័យបដិវត្តឧស្សាហកម្មជំនាន់ 4.0 ជាមួយការបង់ប្រាក់តាមប្រព័ន្ធឌីជីថល ជាមួយគ្រឹះស្ថានជាដៃគូផងដែរ ក្នុងគោលបំណង បង្ខិតសេវាឲ្យទៅជិតប្រជាពលរដ្ឋ កាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលា លុបបំបាត់ចំណាយក្រៅផ្លូវការ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ចំពោះបណ្តាក្រុមហ៊ុនសហគ្រាស របស់សហរដ្ឋអាមេរិកទាំងនេះ ដើម្បីបង្កើត និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយសេនាធិការក្រសួង ដើម្បីចូលរួមអភិវឌ្ឍកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនមួយកម្រិតទៀតផងដែរ។

លោក Alexander Feldman បានអះអាងថា ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា នេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា (ដៃគូអាស៊ាន) និងសហរដ្ឋអាមេរិក និងដើម្បីជំរុញការវិនិយោគអាមេរិកបន្ថែមទៀតមកកម្ពុជា។

សមាជិកគណៈប្រតិភូ ក៏បានធ្វើបទបង្ហាញពីការចូលរួម និងផែនការសកម្មភាពរបស់ខ្លួន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សុវត្ថិភាពចរាចរណ៍ និងបច្ចេកវិទ្យាព័ត៌មាន ដែលមានការពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានបង្ហាញពីការស្ម័គ្រចិត្តក្នុងការចូលរួមសកម្មភាព ទំនួលខុសត្រូវសង្គម ដែលអាចកើតចេញពីការធ្វើវិនិយោគ (CSR) ផងដែរ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន គឺជាអង្គការតស៊ូមតិមួយសម្រាប់សាជីវកម្មអាមេរិក ដែលធ្វើប្រតិបត្តិការនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្រុមប្រឹក្សានេះដើរតួជាសំឡេងមួយនៃវិស័យឯកជនរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍៕