(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះឃើញថា ប្រទេសកម្ពុជាកំពុងប្រឈមនឹងការឆ្លងជំងឺប៉េស្ដជ្រូកអាហ្រ្វិក ដែលឆ្លងមកពីប្រទេសវៀតណាម រួមមាននៅខេត្តរតនគីរី, ត្បូងឃ្មុំ ស្វាយរៀង និងតាកែវ។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះកាន់តែខ្លាំង លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់អភិបាលខេត្ត និងសមត្ថកិច្ចតាមព្រំដែនកម្ពុជា-វៀតណាម ឲ្យរឹតបន្ដឹងឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការទប់ស្កាត់ លំហូរចូលជ្រូកមកពីប្រទេសវៀតណាម។

ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News លោក វេង សាខុន បានបន្ថែមឲ្យដឹងថា «ជាមួយការអំពាវនាវនេះ ខ្ញុំសង្ឃឹមថា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ពង្រឹងកិច្ចសហប្រតិបត្តិការនេះឲ្យបានល្អប្រសើរ ដើម្បីផលប្រយោជន៍សេដ្ចកិច្ចរបស់កម្ពុជា ជាពិសេសសេដ្ឋកិច្ចគ្រួសារដែលមានបំណងចង់ចិញ្ចឹមជ្រូកនៅកម្ពុជា កុំឲ្យគាត់មានការប៉ះពាល់ ដល់សេដ្ឋកិច្ចគ្រួសាររបស់គាត់»

លោករដ្ឋមន្រ្ដីបន្ថែមថា សម្រាប់ប្រទេសកម្ពុជាមិនទាន់មានធនធានទូលំទូលាយ ក្នុងការទូទាត់សងសំណង ដែលត្រូវសំលាប់ជ្រូកនោះឡើយ បើពលរដ្ឋជួបបញ្ហានឹងត្រូវខាតបង់ដើមទុនរបស់ពួកគាត់ នេះជាចំណុចមួយដែលសំខាន់ ដែលធ្វើឲ្យការចិញ្ចឹមជ្រូកមិនអាចឆ្លើយតបនឹងសេចក្ដីត្រូវការនៃទីផ្សារបាន។

លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះការចិញ្ចឹមតាមរយៈក្រុមហ៊ុនផ្គត់ផ្គង់បានត្រឹមតែ៨០-៨១ភាគរយប៉ុណ្ណោះ ដែលតម្រូវឲ្យកម្ពុជាត្រូវការនាំចូលជ្រូកប្រមាណជាង១០% ដើម្បីបំពេញបន្ថែមទៅលើការផ្គត់ផ្គង់លើទីផ្សារកម្ពុជា។

លោក វេង សាខុន បញ្ជាក់បន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភពី បញ្ហានៃជំងឺប៉េស្ដជ្រូកអាហ្រ្វិកនេះ ព្រោះជំងឺនេះមិនបង្កការឆ្លងដល់ប្រជាពលរដ្ឋឡើយ។ ប៉ុន្តែជំងឺនេះធ្វើឲ្យជ្រូកងាប់ បង្កការខាតបង់ដល់អ្នកចិញ្ចឹម។

លោក វេង សាខុន លើកឡើងយ៉ាងដូច្នេះថា ជំងឺប៉េស្ដជ្រូកអាហ្រ្វេកមិនឆ្លងដល់មនុស្សទេ ប៉ុន្ដែប្រសិនបើពលរដ្ឋទទួលទានសាច់ជ្រូក ដែលមានជំងឺនេះមិនផ្ដល់សុខភាពល្អឡើយ ហើយនឹងបង្កការឆ្លងដល់សត្វដែលកំពុងចិញ្ចឹម៕