(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ រួមជាមួយនាយកស្តីទីសាលាខេត្ត អភិបាលក្រុងសួង ប្រធានមន្ទីរសុខាភិបាលខេត្ត និងកាកបាទក្រហមខេត្ត បានបន្តចុះសំណេះសំណាលសួរសុខទុក្ខជាមួយក្មួយៗ ដែលកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម និងអ្នកជំងឺទូទៅ ក៏ដូចជាលោកគ្រូអ្នកគ្រូពេទ្យ និងបុគ្គលិកបម្រើការងារ នៅមន្ទីរពេទ្យបង្អែកត្បូងឃ្មុំ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។

នៅពេលចុះសួរសុខទុក្ខនោះ លោក ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ ដោយសេចក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាចែកជូនថវិការ ដល់ពលរដ្ឋមានជំងឺទូទៅ និងកុមារតូចៗមានជំងឺគ្រុនឈាម ព្រមទាំងគ្រូពេទ្យទាំងអស់នៅទីនោះ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល ពិសេសផ្តល់ជូនសេរ៉ូម ប្រមាណជាង១០០០កំប្លោក ដល់មន្ទីរពេទ្យបង្អែកត្បូងឃ្មុំផងដែរ ដែលឧបត្ថម្ភដោយ សាខាកាកបាទក្រហមខេត្ត។

លោកអភិបាលខេត្ត ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវធ្វើអនាម័យនៅកន្លែង ដែលកំពុងរស់នៅឲ្យបានស្អាត ត្រូវបំបាត់ជម្រកមូសខ្លា ជាពិសេស ត្រូវដេកក្នុងមុង ជាប្រចាំហើយប្រសិនបើកូនតូចៗ មានអាការៈក្តៅខ្លួនខ្លាំង សង្ស័យថាមានជំងឺគ្រុនឈាម ត្រូវប្រញាប់យកមកមន្ទីរពេទ្យរបស់រដ្ឋជាបន្ទាន់ ពីព្រោះមន្ទីរពេទ្យរដ្ឋមានគ្រូពេទ្យជំនាញ សម្ភារ និងឧបករណ៍សង្គ្រោះត្រឹមត្រូវ។

សូមបញ្ជាក់ថា នេះជាមន្ទីរពេទ្យទី៣ហើយ ក្នុងចំណោមមន្ទីរពេទ្យទាំង៦ ក្នុង៦ក្រុងស្រុក ដែលលោកចុះសំណេះសំណាល ផ្តល់ថវិការ ផ្តល់សេរ៉ូម។ ដោយឡែក លោកនឹងបន្តចុះទៅ មន្ទីរពេទ្យចំនួន០៣ទៀត ក្នុងនាមថ្នាក់ដឹកនាំមួយរូប ដែលមានបេះដូងមនុស្សធម៌ ចំពោះពលរដ្ឋគ្រប់រូប និងមេគ្រួសារ អាណាព្យាបាលរបស់ពួកគាត់៕