(ភ្នំពេញ)៖ ក្រោយពីទទួលបានអនុសាសន៍ណែនាំរបស់ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននោះ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ គណ:កម្មការបង្រៀបបើកបរ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាល អ្នកបើកបរយានយន្តធុនធ្ងន់រ បស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបើកវគ្គបណ្តុះបណ្តាលបង្រៀនបើកបររថយន្តធុនធ្ងន់លើកទី១ ដោយមិនគិតថ្លៃដល់អ្នកបើកបររថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរ នៅកំពង់ផែស្វយ័តភ្នំពេញ។

ពិធីបើកវគ្គត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាប្រធានគណៈកម្មការ និងមានការចូលរួមពី លោក លោកស្រី ជាសមាជិកគណៈកម្មការ។

គួរជម្រាបថា វគ្គបណ្តុះបណ្តាលបង្រៀនបើកបររថយន្តធុនធ្ងន់នេះ មានរយៈពេលពេញ១សប្តាហ៍ (ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩) ដែលមានសិក្ខាកាមចូលរួមសរុបចំនួន៥០នាក់។ ក្រោយសិក្សាចប់ គណៈកម្មការនឹងរៀបចំចាត់ចែងការប្រឡង ផ្នែកទ្រឹស្តី និងការអនុវត្តដៃចង្កូតនៅក្នុងបរិវេណ នៃកំពង់ផែស្វយ័តភ្នំពេញផ្ទាល់តែម្តង។

គណៈកម្មការបង្រៀនបើកបររថយន្តធុនធ្ងន់ សូមអំពាវនាវដល់គ្រប់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ និងអ្នកបើកបររថយន្តធុនធ្ងន់ ដែលពុំទាន់មានបណ្ណបើកបរ តាមប្រភេទយានយន្ត សូមមេត្តារួសរាន់មកទំនាក់ទំនងទទួលព័ត៌មាន និងចុះឈ្មោះចូលរៀនបើកបររថយន្តធុនធ្ងន់ ក្នុងវគ្គបណ្តុះបណ្តាលលើកទី២ ដោយមិនគិតថ្លៃ នៅទីតាំងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕