(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនទៅដល់អង្គភាព ដែលមានប្រតិបត្តិការចូលរួមជួយសង្គ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ ដែលបានប្រារព្ធធ្វើនៅ បញ្ជាការដ្ឋានកងពលតូចលេខ៧០។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ជំនួសមុខឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្នុងនាមលោកផ្ទាល់ បានយកមេដាយមាសបំពាក់ជូនទៅអង្គភាពចំនួន៤ គឺអង្គភាព៧១១ ចំណុះឲ្យកងពលតូចលេខ៧០, អង្គភាពរបស់វិស្វកម្ម, បញ្ជាការដ្ឋានកងទ័ពអាកាស និងការិយាល័យសង្គ្រោះ JPR របស់ជប៉ុនប្រចាំនៅកម្ពុជា និងបានបំពាក់មេដាយមាសជូនទៅដល់បុគ្គល និងប័ណ្ណសរសើររបស់អគ្គមេបញ្ជាការ ជូនទៅដល់បុគ្គលនៅក្នុងអង្គភាពដែលពាក់ព័ន្ធ សរុបរួមមានចំនួន១៨៨រូប។

ក្រោយពីការបំពាក់ចប់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការសរសើរ អំពីប្រតិបត្តិការរបស់បងប្អូនប្រកបទៅដោយឆន្ទៈមោះមុត និងមានជំនាញពិតប្រាកដ ក្នុងការងារសង្គ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារ។ លោកបានបន្តលើកសរសើរ ចំពោះនាយទាហាន និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ និងកម្លាំងផ្សេងៗទៀត ដែលបានចូលរួមក្នុងប្រតិបត្តិការបំពេញភារកិច្ជសង្គ្រោះនេះ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានដាក់ចេញនូវគោលការណ៍ ៣ចំណុច ដើម្បីឲ្យកងទ័ពត្រូវតែប្រឹងប្រែងបន្ដទៀត៖

*ទី១៖ កងយោធពលខេមរភូមិន្ទ ក្រៅពីភារកិច្ចការពារប្រទេសជាតិ ត្រូវយកចិត្តទុកដាក់ការងារហ្វឹកហ្វឺន បន្ថែមទៅលើការងារសង្រ្គោះ ដើម្បីត្រៀមនៅរាល់គ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើង សំខាន់អំពីការកសាងកម្លាំង ការងារសង្រ្គោះ។
*ទី២៖ ហ្វឹកហ្វឺនអំពីបច្ចេកទេសជំនាញ ដើម្បីជួយសង្រ្គោះ។
*ទី៣៖ គ្រប់កងឯកភាព ត្រូវខិតខំរៀបចំនៅគ្រឿងបំពាក់ជូន៕