(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ សិស្សានុសិស្ស ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ជំនាញស្រាវជ្រាវវិទ្យាសាស្ត្រធម្មជាតិចំនួន៣៩នាក់ នឹងចេញទៅប្រកួតប្រជែងដណ្តើមជ័យលាភីថ្នាក់អន្តរជាតិនៅប្រទេសចិន ដោយមានការចូលរួមបណ្តាប្រទេសជាច្រើន ខណៈដែលឆ្នាំ២០១៨ កម្ពុជាទទួលមានមេដាសមាសចំនួន១៦គ្រឿង។

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ កម្មវិធីបង្ហាញសាកល្បងគម្រោងស្រាវជ្រាវចូលរួមក្នុងកម្មវិធី «ទិវាប្រវត្តសាស្ត្រធម្មជាតិសាកលលោកឆ្នាំ២០១៩» ត្រូវបានបង្កើតឡើង នៅ CKCC ដែលមានចូលរួមពីលោក និត ប៊ុនឡុង ប្រធានគណៈកម្មការទិវាប្រវត្តសាស្ត្រធម្មជាតិសាកលលោកឆ្នាំ២០១៨ប្រចាំនៅកម្ពុជា រួមនឹងបេក្ខជនចំនួន៣៦នាក់ ស្មើនឹង២៦ក្រុម មានការដាក់តាំងបង្ហាញប្រធានបទរបស់ខ្លួន មុនចេញទៅប្រកួតនៅប្រទេសចិន នាពេលខាងមុខនេះ។

«ទិវាប្រវត្តសាស្ត្រធម្មជាតិសាកលលោកឆ្នាំ២០១៩» ជាប្រធានបទមួយ សម្រាប់ដាក់ឡើងក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់អន្តរជាតិនឹងប្រព្រឹត្រទៅនាថ្ងៃទី១៨ ដល់ទី២១ ខែកក្កដា ឆ្នាំ២០១៩ខាងមុខ ដែលមានសាធារណៈរដ្ឋប្រជាមានិតចិនជាម្ចាស់ផ្ទះ។

បើបានលោក និត ប៊ុនឡុង បានឲ្យដឹងថា បេក្ខជនដែលជាសិស្សានុសិស្សមកពីភ្នំពេញ, បាត់ដំបង និងសៀមរាប ដែលក្នុងនោះសរុបមានបេក្ខជនចំនួន៣៩នាក់ នឹងត្រូវចេញដំណើរនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ខាងមុខ ដើម្បីទៅចូលរួមប្រកួតប្រជែងនៅទីក្រុងសៀងហៃ ប្រទេសចិន នាថ្ងៃទី១៨ ដល់ទី២១ កក្កដា ឆ្នាំ២០១៩ ដែលមានការចូលរួមពីប្រទេសជាច្រើនក្នុងតំបន់អាស៊ី ទ្វីបអាហ្វ្រិក និងជាពិសេសនៅក្នុងប្រទេសចិនដែលត្រូវតម្រូវយកតែ១៦តំបន់តែបុណ្ណោះ។

លោកបន្ថែមថា ដើម្បីទៅប្រកួតនៅក្នុងកម្មវិធីលំដាប់អន្តរជាតិនេះបាន លុះត្រាតែសិស្សានុសិស្សទាំងអស់ដែលធ្វើគម្រោងវិទ្យាសាស្ត្រវិទ្យាសាស្ត្រធម្មជាតិ ត្រូវជាប់ជំរុះឲ្យអស់នៅក្នុងប្រទេសកម្ពុជាជាមុនសិន ទើបមានសិទ្ធគ្រប់គ្រាន់ ក្នុងការបន្តទៅប្រកួតប្រជែងដណ្តើមមេដាយគ្រប់កម្រិតនៅប្រទេសចិន។

លោក និត ប៊ុនឡុង បានបញ្ជាក់បន្ថែមទៀតថា «លទ្ធផលក្នុងឆ្នាំ២០១៥, ២០១៦ និង២០១៧ មិនសូវទទួលបានជោគជ័យល្អនោះទេ គឺបានមេដៃប្រាក់ និងសំរិតច្រើន តែមេដាយមាសគឺតិចតួច ក៏ប៉ុន្តែឈានចូលដល់ឆ្នាំ២០១៨វិញ មេដាយមាសកម្ពុជាដណ្តើមបាន១៦គ្រឿង ក្នុងចំណោមបេក្ខជន៤០នាក់ និងទទួលបានមេដាយប្រាក់១៨នាក់ សំរិតមាន៤នាក់ ក្នុងមួយរយៈពេលចុងក្រោយនេះ យើងទទួលបានលទ្ធផលល្អប្រសើរ»

សូមជម្រាបជូនថា «ទិវាប្រវត្តសាស្ត្រធម្មជាតិសាកលលោក» ជាកម្មវិធីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២​ ដោយឡែកប្រទេសកម្ពុជា បានបញ្ជូនសិស្សានុសិស្ស ទៅប្រកួតប្រជែងនៅក្នុងឆ្នាំ២០១៥ ហើយលើកនេះជាលើកទី៥ហើយ ដែលកម្ពុជាបន្តចូលរួមកម្មវិធីអន្តរជាតិបែបនេះទៀត និងសរុបមកជាង១០០នាក់មកហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនទៅ។

ជាមួយគ្នានោះដែរ លោក ម៉ី រឿន ជាអាណាព្យាបាលបេក្ខនារី ម៉ី ម៉ូនីសាណា ដែលសិក្សានៅអនុវិទ្យាល័យរលួស ខេត្តសៀមរាប បានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំងដែលបានឃើញកូនរបស់ខ្លួន ជាប់វគ្គជម្រុះនៅកម្ពុជា ដែលនឹងត្រៀមខ្លួនបន្តការប្រកួតប្រជែងនៅប្រទេសចិន នាពេលខាងមុខនេះ ជាមួយគ្នានោះលោកក៏បានសង្ឃឹមដែរថា កូនរបស់គាត់ទទួលបានមេដាយមាស ពីកម្មវិធីប្រកួតនៅប្រទេសចិននេះ។

បេក្ខនារី ម៉ី ម៉ូនីសាណា ក៏បានបង្ហាញក្តីរីករាយស្របពេលដែលសិស្សថ្នាក់ទី៩រូបនេះ បានរពឹងខ្ពស់ផងដែរថា ខ្លួនគេនឹងទទួលបានមេដាយមាសពីប្រទេសចិន មកជូនជាតិមាតុភូមិ ដោយគាត់បានលើកឡើងថា «ខ្ញុំសង្ឃឹម៧០ភាគរយ ក្នុងការដណ្តើមមេដាយមាសពីការប្រកួតនៅក្នុងកម្មវិធី ទិវាប្រវត្តសាស្ត្រធម្មជាតិសាកលលោកឆ្នាំ២០១៩»