(កំពង់ស្ពឺ)៖ មានសេចក្ដីរាយការណ៍ពីមូលដ្ឋាន បានឲ្យដឹងថា មានករណីរុះរើបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋមួយគ្រួសារ នៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបង្កឡើងដោយមនុស្សជាច្រើននាក់ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩។ របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីនេះសង្ស័យផ្ដើមចេញពីជម្លោះដីធ្លី របស់ពលរដ្ឋទាំងពីរភាគី។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្រុមពលរដ្ឋដែលមករុះរើផ្ទះរបស់គេនេះដឹកនាំដោយ ទី១៖ ឈ្មោះ មាស សោភ័ណ្ឌ ភេទស្រី អាយុ៥៤ឆ្នាំ, ទី២៖ឈ្មោះ យីម ស្រី ភេទស្រី អាយុ៥២ឆ្នាំ, ទី៣៖ឈ្មោះ ជ្រុន នួន, ទី៤៖ឈ្មោះ សាប់ យន ភេទស្រី អាយុ៦០ឆ្នាំ, ទី៥៖ឈ្មោះ តាសឿន (ប្តី មាស សោភណ្ឌ័) និងទី៦៖ឈ្មោះ កាន យ៉េន ភេទស្រី អាយុ៥៤ឆ្នាំ បានមករុះរើផ្ទះរបស់ឈ្មោះ លឹម ដា ភេទស្រី អាយុ៥៦ឆ្នាំ ដោយរុះរើអស់ទាំងស្រុង តែមិនបង្ករបួសស្នាមដល់ម្ចាស់ផ្ទះទេនោះទេ។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធករណីនេះ លោក អ៊ុ ដេត អភិបាលរងស្រុកភ្នំស្រួល បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ថា ករណីនេះផ្ដើមចេញពីរឿងជម្លោះដីធ្លីរបស់ពួកគាត់ ហើយក៏មានព័ត៌មានលេចលឺថា ឈ្មោះ លឹម ដា បានមានបំណងលក់ដីនៅតំបន់នេះ ដែលមានដីការក្សាការពារនៅតុលាការ ទើបក្រុមពលរដ្ឋផ្សេងទៀតបាននាំគ្នាទៅរុះរើតែម្ដង។

អភិបាលរងស្រុករូបនេះ បានបញ្ជាក់ថា សកម្មភាពទៅរុះរើផ្ទះរបស់គេបែបនេះ ធ្វើឡើងមិនត្រឹមត្រូវនោះទេ ព្រោះវាជាសកម្មភាពបំពានទៅអ្នកដទៃ ហើយភាគីម្ខាងទៀត ក៏គ្មានទិញលក់ដូរអ្វីនោះឡើយ ដោយហេតុថាដីនេះមានដីការក្សាការពារ។ លោកបន្ថែមថា ប្រសិនបើពលរដ្ឋណាមិនសុខចិត្ត ឬមានចម្ងល់អ្វីនោះ ត្រូវតែទៅរកអាជ្ញាធរដើម្បីដោះស្រាយ មិនគួរប្រព្រឹត្តសកម្មភាពបែបនេះឡើយ។

បើតាមលោកអភិបាលរងស្រុក ក្រោយមានករណីនេះ នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរក៏បានហៅភាគីទាំងពីរ ទៅធ្វើការសួរនាំ និងអប់រំនៅសាលាឃុំផងដែរ ដើម្បីបញ្ឈប់សកម្មភាព ហើយរង់ចាំអាជ្ញាធរដោះស្រាយតាមនីតិវិធី៕