(ភ្នំពេញ)៖ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដើម្បីរឹតបន្តឹងច្បាប់ឲ្យបានតឹងរ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែងតែម្តង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែកក្កដានេះ។

លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ថា កន្លងទៅគណៈកម្មការជាតិ បានធ្វើការត្រួតពិនិត្យឃើញថា ទោះបីមានការផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ក៏ដោយ នៅតែមានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់មធ្យោបាយគ្រប់រូបភាព។

លោកបន្តថា ដើម្បីថែរក្សាបានព្រៃឈើគង់វង្ស គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងអនុវត្តវិធានការដូចក្រោម៖

ទី១៖ បុគ្គល ឬក្រុមហ៊ុន ដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។

ទី២៖ មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ...) ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង។

លោកឧត្តមសេនីយ៍ អេង ហ៊ី ក៏បានអំពាវនាវដល់សមត្ថកិច្ចជំនាញ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ មេត្តារួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ផ្លាស់ប្តូរផ្នត់គំនិត ពីការប្រកបមុខរបរកាប់ឈើ ដឹកជញ្ជូនឈើខុសច្បាប់ ទៅប្រកបមុខរបរស្របច្បាប់វិញ ដើម្បីរួមគ្នាការពារបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ៕