(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីសាធារណការ និងដឹកជញ្ជូន និងអ្នកស្រុកកោះធំជាង ២០០នាក់ ចុះធ្វើទស្សនកិច្ចនៅវិមានឈ្នះឈ្នះ ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិ តស៊ូ ដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំកម្ពុជាដែលឆ្លាក់ជាប់លើជញ្ជាំង និងតាំងបង្ហាញពាសពេញបរិវេណនៃវិមានឈ្នះឈ្នះ ដែលមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា។

កម្មវិធីនេះបានរៀបចំឡើងនៅវិមានឈ្នះ-ឈ្នះ ដែលត្រូវបានទទួលស្វាគមន៍ ពីក្រុមការងារមគ្គុទេសយ៉ាងយកចិត្តទុកដាក់ ក្នុងការណែនាំចង្អុលបង្ហាញឲ្យគណប្រតិភូបានជ្រាប ពីអត្ថន័យនៃរូបភាព និងវត្ថុតាំងនានាពាក់ព័ន្ធនឹងការតស៊ូ ដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំកម្ពុជា ឆ្លាក់ជាប់លើជញ្ជាំង និងតាំងបង្ហាញពាសពេញបរិវេណនៃវិមាននេះផងដែរ។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសមិទ្ធផលនានា ដែលសម្រេចបានដ៏ត្រចះត្រចង់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកស្រុកកោះធំ ដើម្បីបានយល់ដឹង និងយកទៅត្រិះរិះពិចារណា ផ្សព្វផ្សាយបន្តផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា សុខសន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់លទ្ធភាពឲ្យកម្ពុជា អាចទាក់ទាញវិនិយោគិនបរទេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្វែងរកទីផ្សារសម្រាប់លក់ផលិតផល និងបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងមានជីវភាពធូរធារសម្បូរសប្បាយ ដូចសព្វថ្ងៃផងដែរ។

សូមជម្រាបជូនថា ជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យរបបប្រល័យពូជសាសន៍ប៉ុលពត ត្រូវរលំរលាយទាំងស្រុង ទាំងអង្គការចាត់តាំងនយោបាយ និងយោធា ធ្វើឲ្យប្រទេសជាតិទាំងមូលមានសន្តិភាពពេញលេញ មានការឯកភាពជាតិ និងការឯកភាពទឹកដីទាំងស្រុង ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩៨មក ៕