(ត្បូងឃ្មុំ)៖ ទោះបីមេរោគនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនប៉ះពាល់ដល់សុខភាពមនុស្ស តែបង្កមហន្តរាយធ្ងន់ធ្ងរដល់សុខភាពជ្រូក ការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺប៉េស្តជ្រូកអាហ្វ្រិកទៅកសិករឯទៀត ជាការចាំបាច់ និងជាសុជីវធម៌ មិនអាចកាត់ថ្លៃបាន។ នេះបើតាម លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងបែបនេះ ក្នុងឱកាសបានចុះពិនិត្យ និងសួរសុខទុក្ខគ្រួសារកសិករប៉ះពាល់ ដោយជំងឺប៉េស្តជ្រូកអាហ្រ្វិក ក្នុងភូមិសោយ និងភូមិកំពូលសេរី ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយពីផលវិបាកនៃជំងឺប៉េស្ត ជ្រូកអាហ្វ្រិក ដល់ប្រជាកសិករ យុវជន នៅវេលាថ្ងៃត្រង់ថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩ ដែលជាការផ្តល់ភាពកក់ក្តៅដល់ ក្នុងនាមជាមេគ្រួសារប្រជាពលរដ្ឋ។

លោកបានសម្តែងនូវការសោកស្តាយ អាណិតអាសូរជាពន់ពេកដល់គ្រួសារកសិករ ដែលរងការប៉ះពាល់ ដែលធ្វើឲ្យខាតបង់ប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ។ លោកអភិបាលខេត្ត បានសំណូមពរដល់ប្រជាកសិករបន្ត សហការទប់ស្កាត់កុំឲ្យរីករាលដាលបន្តទៀតសិន ដើម្បីផលប្រយោជន៍រួម។ ការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ទៅកសិករឯទៀត ជាការចាំបាច់ និងជាសុជីវធម៌ មិនអាចកាត់ថ្លៃបាន។ ហើយកន្លងមក រដ្ឋបាលខេត្តត្បុងឃ្មុំ ក៏បានចេញសេចក្តីណែនាំ ដល់អាជ្ញាធរ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការផ្ទុះនូវជំងឺនេះ ក្នុងមូលដ្ឋានស្រុកអូររាំងឪផងដែរ។

លោក ជាម ច័ន្ទសោភ័ណ ក៏បានណែនាំឲ្យមន្ត្រីជំនាញ បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តធ្វើជីវសុវត្ថិភាព បាញ់ថ្នាំរម្ងាប់មេរោគ ឲ្យបានគ្រប់ទីកន្លែង ទប់ស្កាត់ចរាចរណ៍ជ្រូកទាំងខាងក្នុង ចេញ ចូល និងឆ្លងកាត់តំបន់ផ្ទុះជំងឺ និងត្រូវតាមដានសុខភាពសត្វ នៅទីកន្លែងដ៏ទៃទៀត ចៀសវាងបើផ្ទុះហើយ ពិតជាលំបាកក្នុងការទប់ស្កាត់។

លោក រី ដាវិន ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា អនុវត្តតាមប្រកាសរបស់ក្រសួងកសិកម្ម និងការបញ្ជារផ្ទាល់ ដោយយកចិត្តទុកដាក់ពីសំណាក់ លោកអភិបាលខេត្ត មន្ត្រីការិយាល័យ បន្តអនុវត្តន៍បាញ់ថ្នាំរំងាប់មេរោគបាន៣លើក ក្នុង៥៨ទ្រុង និងតាមដងផ្លូវក្នុងភូមិ ពិសេសទប់ស្កាត់ចលនាសត្វចេញចូលក្នុងភូមិទាំង២ ដែលកំពុងផ្ទុះជំងឺ ក្នុងកាំ៣គីឡូម៉ែត្រ។

បើតាម លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ក៏បានឲ្យដឹងថា លោកផ្ទាល់ និងមន្ត្រីជំនាញ បានបន្តចុះផ្សព្វផ្សាយ ណែនាំជាប់ជាប្រចាំ ពាក់ព័ន្ធនឹងការកើត ការឆ្លង ការរីករាលដាល ការទប់ស្កាត់ ពាក់ព័ន្ធនឹងជំងឺប៉េស្តជ្រូកអាហ្វ្រឹក ដល់ប្រជាកសិករជាអ្នកចិញ្ចឹមជ្រូកទូទាំងខេត្ត។ លោកបន្តថា មេរោគនៃជំងឺនេះ ជាប្រភេទវីរុស មិនទាន់មានថ្នាំព្យាបាល និងថ្នាំបង្កា (វ៉ាក់សាំង) នោះទេ ដែលចរិកចម្លងរបស់វាលឿន និងមានលក្ខណៈកាចសាហាវ។ មេរោគនៃជំងឺនេះ មានភាពធន់ទ្រាំខ្ពស់ អាចរស់នៅក្នុងមជ្ឈដ្ឋានសមស្រប រហូតដល់៣០ឆ្នាំ។

លោកបញ្ជាក់ថា ដើម្បីទប់ស្កាត់នៃជំងឺនេះ កសិករចិញ្ចឹមជ្រូក ត្រូវបាញ់ថ្នាំរម្ងាប់មេរោគ នៅក្នុងទ្រុងនិងបរិវេណជុំវិញឲ្យបានជាប្រចាំ និងថែទាំសម្អាតទ្រុងឲ្យបានស្អាតជានិច្ច។ កសិករ ត្រូវថែទាំសត្វដែលមានជំងឺ ឲ្យស្ថិតនៅដាច់ពីសត្វដែលមានសុខភាពល្អ។ អ្នកចេញចូលតំបន់ផ្ទុះជំងឺ មិនត្រូវចូ់លទៅទ្រុងជ្រូករបស់កសិករដែលមិនមានជំងឺនោះទេ។

ជាមួយគ្នានោះ ត្រូវរួមទប់ស្កាត់ការដឹកជញ្ជូនសត្វជ្រូករស់ពីក្រៅប្រទេស ឬចរាចរក្នុងប្រទេស ដោយគ្មានលិខិតបញ្ជាក់អនាម័យសត្វ ពីមន្ត្រីបសុព្យាបាល ទោះតាមម៉ូតូក្តី រថយន្តក្តី។ ករណីពិនិត្យឃើញថា ជ្រូក មានអាការៈក្តៅខ្លួនខ្លាំង សូមកសិករប្រុងប្រយ័ត្នខ្ពស់ ព្រោះវាអាចជាសញ្ញាណ មួយ នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក៕