(ភ្នំពេញ)៖ ខណៈស្ថានភាពគ្រេចស្មារបស់សម្តេចពេលនេះ បានធូរស្បើយហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅក្រុមអ្នកនយោបាយប្រឆាំង ដែលបានបន់ឱ្យសម្តេចស្លាប់ថា «យមរាជមិនត្រូវការជីវិតសម្តេចទេ ព្រោះយមរាជត្រូវការឱ្យសម្តេចនៅបន្តបម្រើប្រជាជន និងកម្ចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត» 

បង្ហោះសារពីប្រទេសសិង្ហបុរី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះជនរួមជាតិដែល ជូនពរដល់សម្តេច និងបារម្មណ៍អំពីសុខភាពរបស់សម្តេច។ សម្តេចបានបញ្ជាក់ថា បន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ពីសំណាក់ គ្រូពេទ្យក្នុងចន្លោះម៉ោង២ ទៅម៉ោង៣ទៀបភ្លឺម៉ោងសិង្ហបូរីគ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ។ អ្វីដែលបាត់បង់គឺគ្រូពេទ្យតម្រូវឱ្យ សម្តេចផ្អាកវាយកូនគោលមួយរយ: ហើយសម្តេចបានគោរពតាមបានយ៉ាងស្រួល តាមវេជ្ជបញ្ជាំ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយ ក៏មានជនមួយក្តាប់តូចលួចចូលមក comment ឬបង្ហោះតាមFacebook បន់ឱ្យខ្ញុំឆាប់ស្លាប់ឬបង្កើតព័ត៌មានក្លែងក្លាយ អំពីស្ថានភាពជំងឺរបស់ខ្ញុំទៅវិញ។ ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់ទៅ ) ព្រោះការធ្វើនយោបាយ រង់ចាំឱ្យខ្ញុំស្លាប់ ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិក្រោយទៅចុះ ព្រោះយមរាជមិនត្រូវការជីវិតខ្ញុំទេ ក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅបន្តបម្រើប្រជាជន និងកម្ចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត»

សម្តេចបានជូនរូបថតដែលថតមុននេះ ប្រហែល៣០នាទីថា ដើម្បីបង្ហាញប្រាប់មហាជនថា សុខភាពសម្តេចពេលនេះ មិនមានអ្វីគួរឱ្យបារម្ភឡើយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសុំលុបចោលរាល់ជំនួបនៅសប្តាហ៍ក្រោយ ដោយសារតែ សម្តេចត្រូវអញ្ជើញទៅពិនិត្យសុខភាព នៅសិង្ហបុរី ពាក់ព័ន្ធបញ្ហាគ្រិចស្មាខាងស្តាំ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដោយសារមានបញ្ហាគ្រិចស្មាខាងស្តាំ និងដោយគ្រូពេទ្យ តម្រូវឱ្យខ្ញុំ ទៅឱ្យគ្រូពេទ្យសិង្ហបូរី ពិនិត្យ និងព្យាបាល។ ខ្ញុំសូមអាធ្យាស្រ័យពីសំណាក់មិត្តភក្រ័ ទាំងបរទេសទាំងខ្មែរ ដែលត្រូវជួបខ្ញុំនៅសប្តាហ៍ក្រោយនេះ ដែលខ្ញុំត្រូវលប់ចោលនូវជំនួបនោះ»