(កណ្ដាល)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងស្រុកកោះធំ ខេត្តកណ្ដាល ត្រូវតែប្ដេជ្ញាបន្តរួមគ្នាជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការចូលរួមរក្សាសុខសន្តិភាព ដើម្បីការអភិវឌ្ឍសង្គមជាតិ។

ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ត្រូវបានធ្វើឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងមីទ្ទីងអបអរសាទររំលឹកខួបទី ៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា១៩៥១-២៨មិថុនា២០១៩) ដែលមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ឃុំ ក្រុមការងារយុវជន និងបណ្តាញចលនាស្ត្រី សមាជិកសមាជិកាគណបក្សស្រុក អាជ្ញាធរដែនដី មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ៤៦៦នាក់។

ថ្លែងក្នុងអង្គមីទ្ទីងនាឱកាសនោះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកកោះធំ ដែលបានស្រឡាញ់ ពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន បន្តទៅមុខទៀត។

ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ បានគូសបញ្ជាក់អំពីសមិទ្ធផលនានា ដែលកើតមានឡើងនៅក្នុងស្រុកកោះធំនេះ មានដូចជា ផ្លូវជាតិលេខ២១ ស្ពានកោះធំ ស្ពានជ្រៃធំ ផ្លូវបេតុងក្នុងភូមិខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ វត្តអារាម កីឡដ្ឋាន ហាងហែលទឹក រោងចក្រសហគ្រាស និងសមិទ្ធផលផ្សេងៗទៀតជាច្រើន។

លោកបានបន្តថា សុខសន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តាលីករដ៏សំខាន់ក្នុងការទាក់ទាញ វិនិយោគិនបរទេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្វែងរកទីផ្សារសម្រាប់លក់ផលិតផល និងបង្កើត ការងារជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងមានជីវភាពធូរធារសម្បូរសប្បាយ។ ហើយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ខិតខំប្តេជ្ញាថែរក្សាស្ថិភាព សុខសន្តិភាពជូនប្រជាជន និងប្រទេសជាតិ មិនចំណុះ និងឱនក្បាលចំពោះបរទេស និងមិនឱ្យបរទេសណាមួយ មកជិះជាន់គាបសង្កត់លើប្រទេសកម្ពុជាបានឡើយ។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋនៅស្រុកកោះធំ រួមគ្នាជាមួយរាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចូលរួមបន្តការពារសុខសន្តិភាព ឲ្យបានគង់វង្សជាអមតៈ ប្រឆាំងការឈ្លានពានពីបរទេសមកលើកម្ពុជា ដើម្បីកសាង អភិវឌ្ឍសង្គមជាតិ និងទុកជាកេរ្តិ៍មរតកជូនកូនចៅជំនាន់ក្រោយៗ បន្តការអភិវឌ្ឍឲ្យប្រទេសមានការរីកចម្រើនជាលំដាប់។

លោក ស៊ុន ចាន់ថុល បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ ផ្តល់ព័ត៌មានមកក្រុមការងារ ក្នុងករណីពួកគាត់ជួបប្រទះបញ្ហាលំបាក ក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន ហើយលោក និងក្រុមការងារ ជាពិសេសគណបក្សប្រជាជនកម្ពុជា នៅរួមសុខ រួមទុក្ខ ជាមួយបងប្អូនគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដើម្បីបម្រើបងប្អូនជាអ្នកបម្រើរាស្ត្រ ប្រជារាស្ដ្រជាចៅហ្វាយយើង មិនមែនយើងជាចៅហ្វាយរាស្ត្រនោះទេ។

ឆ្លៀតក្នុងឱកាសនោះដែរ តំណាងយុវជនដែលជាសមាជិក នៃអង្គមីទ្ទីង បានសម្តែងនូវការសាទរចំពោះអង្គមីទ្ទីងអបអរសាទររំលឹកខួបទី ៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ក្នុងការសង្គ្រោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការដឹកនាំសង្គមជាតិឲ្យមានសុខសន្តិភាព និងការរីកចម្រើន។

បន្ទាប់មក លោក ស៊ុន ចាន់ថុល បានអញ្ជើញចែករង្វាន់ជ័យលាភីសិស្សពូកែថ្នាក់ខេត្ត ជូនដល់សិស្សស្រុកកោះធំ ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលជាប់លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា និងលើកទឹកចិត្តលោកគ្រូ អ្នកគ្រូមានស្នាដៃល្អ ក្នុងការបង្រៀនសិស្សជាប់សិស្សពូកែ។

ជាចុងបញ្ចប់ លោកក៏បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អាងហែលទឹក នៅក្នុងពហុកីឡដ្ឋានស្រុកកោះធំ និងបានជំរុញឲ្យយុវជន សិស្សានុសិស្ស ក៏ដូចជាកីឡាករ កីឡាការិនីហែលទឹក ឲ្យចូលរួមក្នុងការហ្វឹកហាត់កីឡាហែលទឹក ដើម្បីសុខភាព និងត្រៀមខ្លួនក្នុងការចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គែម នាឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕