(ភ្នំពេញ)៖ តាមស្ថាប័ននានាមិនថាតូច ឬធំនោះទេ តែងតែឮការរអ៊ូរទាំពីភាពមិនស៊ីសង្វាក់គ្នារវាងថៅកែ និងបុគ្គលិក តែងតែឮថាថៅកែនេះអ៊ីចេះ ថៅកែនោះអ៊ីចុះ ឬបុគ្គលិកនេះអ៉ីចេះ បុគ្គលិកនោះអ៊ីចុះពីបាកក្នុងការគ្រប់គ្រង។ ការមិនស៊ីសង្វាក់គ្នារវាងថៅកែ រវាងអ្នកគ្រប់គ្រង ជាមួយបុគ្គលិក ក៏ជាចំណុចមួយដែលនាំឱ្យស្ថាប័នមិនទទួលបានជោគជ័យផងដែរ។

នៅថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ វិទ្យាសា្ថនសិក្សាដើម្បីជោគជ័យ បានរៀបចំវេទិកាជជែកពិភាក្សាអំពី «ឥរិយាបថៅកែអស្ចារ្យ និងបុគ្គលិកអស្ចារ្យ» ដើម្បីរកដំណោះស្រាយលើបញ្ហាទាំងអស់នេះ។ វេទិកានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង រួមនឹងបុគ្គលិកមកពីតាមស្ថាប័ននានាជាច្រើន ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគេ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហារសើបនេះ លោក កឹម អឿន នាយកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បានបញ្ជាក់ថា នៅពេលមនុស្សមានភាពដឹកនាំនៅខ្សោយ ពួកគាត់ដោះស្រាយបញ្ហាដោយការបន្ទោសគ្នាទៅវិញទៅមក ហើយការបន្ទោសមិនបានផ្តល់ការរីកចម្រើននោះទេ។

លោក កឹម អឿន បានបញ្ជាក់ដូច្នេះថា «យើងចង់ក្លាយជាមេអណ្តើក ដោយសារតែយើងឃើញថា ទាំងថៅកែ និងបុគ្គលិកមានបេសកកម្មតែមួយ ប៉ុន្តែគាត់ហាក់មិនបានដើរលើផ្លូវរួមគ្នា។ យើងឃើញថា ទាំងថៅកែទាំងបុគ្គលិកសុទ្ធតែមានសក្តានុពល ដើម្បីក្លាយជាថៅកែអស្ចារ្យ និងបុគ្គលិកអស្ចារ្យ ដើម្បីអភិវឌ្ឍទាំងខ្លួនឯង និងស្ថាប័ន។ បញ្ហាបុគ្គលិក កម្មករចេញចូល ឬឈប់បម្រើការងារ ក៏ដូចជាត្រូវបានបញ្ឈប់ពីការងារ គឺហាក់ដូចជាល្ខោននៅលើឆាក។ ប៉ុន្តែល្ខោនមួយរោងនេះ អាចមិនមែនជាក្តីប្រាថ្នាសម្រាប់និយោជកចង់ទស្សនានោះទេ។ យ៉ាងណាមិញ រាល់បញ្ហាតែងតែមានដំណោះស្រាយ»

លោក ហង្ស សាមឌី ជាថៅកែ ដែលវ័យជាង២០ឆ្នាំមួយរូប បានអអះអាងថា លោកចូលរួមរាល់វេទិកាជជែកពិភាក្សានេះ តាំងពីដំបូង ហើយនេះជាលើកទី៨ហើយដែលលោកបានចូលរួម។

លោក ហង្ស សាមឌី បានបន្ថែមថា សម្រាប់និយោជកដូចលោក ពិតជាមើល ឃើញថា វេទិកានេះផ្តល់ជាគតិ និងបទពិសោធន៍ល្អពីវាគ្មិនជំនាញ ក៏ដូចជាការចែករំលែកនូវបញ្ហាប្រឈមរបស់បុគ្គលដែលវាល្អ សម្រាប់លោកក្នុងការសិក្សាស្វែងយល់ ក្នុងនាមជាថៅកែមួយរូប។ «ខ្ញុំមានបុគ្គលិកជាង៣០នាក់។ ខ្ញុំចូលរួមកម្មវិធី GEMBA ហ្នឹងរាល់អាទិត្យ ហើយខ្ញុំតែងតែយកបុគ្គលិកមកចូលរួម។ ខ្ញុំផ្ទាល់ក៏បានប្តូរឥរិយាបថមិនល្អរបស់ខ្ញុំបានមួយចំនួន ហើយបុគ្គលិកក៏អ៊ីចឹងដែរ គាត់ក៏បានប្តូរទម្លាប់មិនល្អរបស់គាត់ផងដែរ។ រាល់ពេលខ្ញុំចូលរួម ខ្ញុំទទួលបានចំណុចថ្មីៗ ក្នុងការគ្រប់គ្រងធនធានមនុស្ស និងភាពជាដឹកនាំបានច្រើន ហើយស្ថាប័នខ្ញុំបច្ចុប្បន្នមានការរីកចម្រើនច្រើន ទាំងចំណូលកើនឡើង ហើយក្រុមការងារបច្ចុប្បន្នក៏មានទំនាក់ទំនងល្អច្រើន»

វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ជាអង្គភាពមួយដែលធ្វើសកម្មភាពអប់រំ និងបណ្តុះបណ្តាល ដើម្បីជួយដល់សិស្សនិស្សិត យុវជន បុគ្គលិក និយោជក ឱ្យមានចំណេះដឹង ជំនាញ សីលធម៌ខ្ពស់ មានវិន័យផ្ទាល់ខ្លួន មានភាពជឿជាក់លើខ្លួនឯង និងមានគោលដៅច្បាស់លាស់ក្នុងជិវិត ហើយក៏ដូចជាចូលរួមចំណែក សម្រេចបាននូវចក្ខុវិស័យ និងគោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីនយោបាយនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនធនធានមនុស្សដែលមានសមត្ថភាព និងគុណភាពពិតប្រាកដ។

បើតាមលោក កឹម អឿន បានគូសបញ្ជាក់អំពីកម្មវិធីជជែកពិភាក្សាស្តីពីថៅកែអស្ចារ្យ និងបុគ្គលិកអស្ចារ្យយ៉ាងដូច្នេះថា «មិនមែន២ម៉ោងនេះគាត់ក្លាយជាបុគ្គលិកអស្ចារ្យ ថៅកែអស្ចារ្យនោះទេ។ យើងនឹងបន្តធ្វើកម្មវិធីនេះ ដើម្បីធ្វើឱ្យខ្លឹមមែនទែន ឱ្យគាត់ភ្ញាក់ថា គាត់ត្រូវធ្វើយ៉ាងណា អភិវឌ្ឍអ្វីខ្លះ ដើម្បីក្លាយជាថៅកែ និងបុគ្គលិកអស្ចារ្យ។ វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ គឺជាកន្លែង ជាទីតាំងកញ្ចក់ឆ្លុះបង្ហាញនូវសក្តានុពលរបស់ពួកគេ»