(ភ្នំពេញ)៖ អគារផ្សារកណ្ដាលដែលមានអាយុកាលជិត ៣០ឆ្នាំ ពោលសាងសង់តាំងពីឆ្នាំ១៩៩០មកម្ល៉េះ មានសភាពកាន់តែទ្រុតទ្រោមខ្លាំង ដែលប្រឈមការបាក់ស្រុត នៅពេលណាមួយជាក់ ជាមិនខានឡើយ បើសិនពុំមានចំណាត់ការលើការជួសជុល និងកែលម្អឡើងវិញនោះទេ។

ទីតាំងអគារដែលហៅថាផ្សារថ្ម នៃផ្សារកណ្ដាល បច្ចុប្បន្នមានក្រុមអាជីវករកំពុងលក់ដូរជាង ៥០០តូប ប៉ុន្ដែតាមការពិនិត្យជាក់ស្ដែងឃើញថា អគារមួយនេះត្រូវតែធ្វើការជួសជុលឡើងវិញជាបន្ទាន់។

ដោយមើលឃើញស្ថានភាពយ៉ាងដូច្នេះ និងមានការណែនាំពីអភិបាលរាជធានីភ្នំពេញរួចមក ស្ទើរពេញមួយព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ អមដំណើរពីលោក ស៊ិន បូរមី នាយកទីចាត់ការរៀបចំក្រុង សាលារាជធានីភ្នំពេញ, លោក នាង មុន្នីរ័ត្ន មន្ដ្រីទីចាត់ការរៀបចំក្រុង, លោក អោម វុត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោលដីខណ្ឌ, អភិបាលរងខណ្ឌ និងនាយករដ្ឋបាលសាលាខណ្ឌ បានចុះទៅពិនិត្យមើលជាក់ស្ដែង ព្រមទាំងស្ទង់មតិជាមួយក្រុមអាជីវករ ដែលកំពុងលក់ដូរ នៅក្នុងអគារចាស់ ទ្រុតទ្រោមមួយនេះ។

នៅពេលសួរនាំអាជីវករពីតូបមួយ ទៅតូបមួយ លោក សុខ ពេញវុធ បានពន្យល់ពីគម្រោង នៃការជួសជុលជាបន្ទាន់ អគារផ្សារថ្មនេះ ដោយខ្លាចបារម្ភជួលរលំ នៅពេលមានភ្លៀងខ្យល់ខ្លាំង ឬដោយប្រការណាមួយ បណ្ដាលឲ្យគ្រោះថ្នាក់ដូចអ្វីដែលបានកើតឡើងនៅក្រុងព្រះសីហនុ។

លោកអភិបាលខណ្ឌ បានលើកឡើងទាំងក្ដីបារម្ភថា បើករណីបាក់រលំអគារនៅពេលយប់ នោះអាចជៀសផុតពីគ្រោះថ្នាក់ដល់មនុស្ស ប៉ុន្ដែបើសិនហេតុការណ៍នេះ កើតឡើងនៅពេលថ្ងៃវិញ គឺពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាទីបំផុត។

តាមរយៈការសួរនាំ និងការចង់បានរបស់ក្រុមអាជីវករ គឺពួកគាត់ស្ទើរតែ១០០% ទាំងតូបលក់នៅក្នុងអគារ និងលក់នៅក្រៅអគារយល់ព្រម យល់ព្រមតាមសំណើរបស់អាជ្ញាធរ ព្រោះពួកគាត់ក៏ចង់បានទីតាំងល្អស្អាត និងរឹងមាំផងដែរ។ តែបន្ថែមលើការចង់បាននេះ ក្រុមអាជីវករទាំងនោះ ចង់ឲ្យអាជ្ញាធររៀបចំកន្លែងលក់ដូរបណ្ដោះអាសន្នជូនពួកគាត់ ដែលនៅគៀកផ្សារ ពីព្រោះបើផ្អាកការលក់ដូរ ក្នុងអំឡុងពេលសាងសង់នោះ ពួកគាត់នឹងជួបបញ្ហាជីវភាពប្រចាំថ្ងៃជាក់ជាមិនខាន ដោយហេតុផលថា អ្នកខ្លះត្រូវបង់ធនាគារ អ្នកខ្លះចាយវាយប្រចាំថ្ងៃ និងការចំណាយផ្សេងៗទៀត។

ស្ដ្រីអាជីវករលក់សាច់ជ្រូកម្នាក់ បន្ថែមពីការយល់ព្រមរបស់គាត់ឲ្យមានការជួសជុលឡើងវិញ ប៉ុន្ដែដាច់ខាតត្រូវរកទីតាំងលក់ដូរបណ្ដោះអាសន្ន ដោយគាត់លើកហេតុផលថា សម្រាប់អ្នកលក់ខោអាវវាមិនសូវជាបញ្ហាខ្លាំង ប៉ុន្ដែសម្រាប់គាត់លក់សាច់ជ្រូក ត្រូវផ្គត់ផ្គង់ម៉ូយប្រចាំថ្ងៃ មិនអាចខកខាននោះទេ។

ដោយឡែក មតិរបស់អាជីវករម្នាក់ទៀត ដែលបានយល់ព្រមតាមការចង់បានរបស់អាជ្ញាធរ គាត់សុំឲ្យមានការជូនដំណឹងមុនពេលជួសជុលឲ្យបានយូរថ្ងៃ ជៀសវាងគាត់បញ្ជាទិញឥវ៉ាន់ ថែមសម្រាប់ការលក់ដូរនោះ។

នៅចំពោះមុខក្រុមអាជីវករលោក សុខ ពេញវុធ ក៏បានអះអាងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការជួសជុលអគារផ្សារនេះ មិនតម្រូវឲ្យក្រុមអាជីវករចេញប្រាក់ឡើយ គឺរដ្ឋជាអ្នកទទួលបន្ទុកទាំងអស់ ហើយទំហំតូប ទីតាំងតូប នៃការលក់ដូរ ស្ថិតនៅដដែល សូមក្រុមអាជីវករទាំងអស់កុំមានការព្រួយបារម្ភ។

តាមការពិនិត្យជាក់ស្ដែងនៅតាមសសររបស់អគារផ្សារ និងមានការពន្យល់ ពីមន្ដ្រីវិស្វករដែលអមដំណើរទៅជាមួយនោះ បានបង្ហាញការព្រួយបារម្ភជាខ្លាំង ដោយសារមានការប្រះស្រាំ ហើយសរសៃដែកពុកផុយ ព្រោះតែអាយុកាលយូរឆ្នាំពេករបស់អគារ។

បន្ថែមលើទំនុកចិត្តរបស់ខ្លួន ក្រុមអាជីវករទាំងអស់តាមរយៈអភិបាលខណ្ឌដូនពេញ ស្នើសុំជួបផ្ទាល់ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើបញ្ហានេះ មុនដល់ការជួសជុលជាផ្លូវការ។

រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់អាចកំណត់ថាតើ ត្រូវការពេលវេលាប៉ុន្មានថ្ងៃ លើការជួសជុលនោះទេ ហើយទីតាំងលក់ដូរបណ្ណោះអាសន្ន ក៏មិនដឹងកំណត់នៅទីណានៅឡើយដែរ ដោយរង់ចាំការសម្រេចរបស់អភិបាលរាជធានីភ្នំពេញ ពោលនៅថ្ងៃនេះគ្រាន់តែចុះមកសិក្សា ចុះមកពិនិត្យមើលផ្ទាល់សភាពអគារ និងមតិរបស់អាជីវករតែប៉ុណ្ណោះ៕