(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈជំងឺគ្រុនឈាមមានការកើនឡើងគួរឲ្យកត់សម្គាល់នារដូវវស្សានេះ។ បើតាមលោកអភិបាលខេត្ត នៅក្នុងឆ្នាំ២០១៩នេះ អត្រានៃជំងឺគ្រុនឈាមដោយគិតទាំងក្មេង និងមនុស្សចាស់ បានកើនឡើងគួរឲ្យកត់សម្គាល់។

លោកអភិបាលខេត្តបានថ្លែងអំពាវនាវយ៉ាងដូច្នេះ ខណៈលោកនាំទេយ្យទាន មានគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងស្រុកកំពង់សៀម។

លោក អ៊ុន ចាន់ដា បានថ្លែងថា «មូលហេតុដែលនាំឲ្យកើតជំងឺគ្រុនឈាម គឺចម្លងតាមរយៈមូសខ្លា ដែលសត្វនេះកើតនៅតាមទឹកថ្លុក ឬក៏ទឹកដក់ជាពិសេស ទឹកពាង ឬទឹកដក់នៅក្នុងសំបកកំប៉ុង និងសំបក កង់ម៉ូតូចាស់ៗ។ ហើយប្រការនេះប្រជាពលរដ្ឋត្រូវមានការការពារខ្លាំង និងមន្ត្រីសុខាភិបាល ត្រូវមានវិធានការ ដើរដាក់ថ្នាំអាល់បេត ដើម្បីកម្ចាត់សត្វមូសខ្លានោះផងដែរ»

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក គឹមសួរ ភិរុណ បានឲ្យដឹងផងដែរថា ឆ្នាំ២០១៩ គិតមកដល់ត្រឹមដើមខែកក្កដានេះ ជំងឺគ្រុនឈាមមាន ៦៥៨ករណីហើយ ដែលចំនួននេះមានការកើន ឡើងច្រើនជាងឆ្នាំ២០១៨ ហើយបច្ចុប្បន្នជំងឺនេះ ខាងមន្ត្រីសុខាភិបាល បានមានវិធានការគ្រប់គ្រងបានហើយ។

នៅក្នុងឱកាសនោះ អភិបាលខេត្តបានថ្លែងថា ដោយសារតែប្រទេសរបស់យើងកំពុងមានសុខសន្តិភាពក្រោមការ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសរបស់យើង មានការរីកចម្រើនលើគ្រប់វិស័យ ពីមួយដំណាក់កាលទៅមួយដំណាក់កាលទាំងអាណាចក្រ និងពុទ្ធចក្រ ពោលប្រជាពលរដ្ឋទូទាំងប្រទេសសុទ្ធតែទទួលបានភាពសប្បាយរីករាយ និងភាពរីកចម្រើន។