(ភ្នំពេញ)៖ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឆមាសលើកទី១ ឆ្នាំ២០១៩ និងបញ្ហាផ្សេងៗ។

កិច្ចប្រជុំនេះ ប្រព្រឹត្តធ្វើឡើងនៅទីស្នាក់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន ព្រមថ្នាក់ដឹកនាំយ៉ាងច្រើនផងដែរ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំនេះ ស្ថានភាពអាកាសធាតុ មិនសូវជាមានអំណោយផលល្អប៉ុន្មានទេ សម្រាប់កម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងមួយផ្នែក នៃពិភពលោកដោយសារតែស្ថានភាពអាកាសធាតុ បានចាប់ផ្តើមទទួលរងឥទ្ធិពលពីបាតុភូត EL NINO ចាប់តាំងពីដើមឆ្នាំមក ទោះបីជាកម្ពុជា បានទទួលត្រឹមលក្ខណៈប្រយោលក្តី ក៏លក្ខខណ្ឌអាកាសធាតុបាននាំមកនូវផលវិបាក ដល់វិស័យផ្សេងៗជាបន្តបន្ទាប់ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលខិតខំពុះពារការលំបាក ដើម្បីសម្រេដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានស្ថិរភាព។

របាយការណ៍ដដែល បានបន្ថែមទៀតថា ក្នុងរយៈពេល៦ខែឆ្នាំនេះកម្ពុជា បានជួបនូវបញ្ហាមួយចំនួនពីគ្រោះធម្មជាតិក៏ដូចជាជំងឺមួយចំនួនក្នុងនោះមានជំងឺគ្រុនឈាមនៅទូទាំងប្រទេសកើតមានចំពោះមនុស្សចំនួន ១៣ពាន់ ៨៤៣ករណី ស្លាប់ចំនួន ២៤នាក់ ក្នុងនេះបណ្តាខេត្តមួយចំនួនដែលកើតមានករណីគ្រុន ឈាមដូចជា ខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ កំពង់ចាម សៀមរាប ភ្នំពេញ បន្ទាយមានជ័យ ព្រៃវែង ឧត្តរមានជ័យ កោះកុង និងខេត្តព្រះសីហនុ ហើយអ្នកជម្ងឺភាគច្រើនបានទទួលការព្យាបាលនៅមន្ទីរ ពេទ្យគន្ធបុប្ផាទាំង៥ទីតាំង រួមនិងមន្ទីរពេទ្យកុមារជាតិផងដែរ៕