(កំពង់ធំ)៖ យោងតាមកាបញ្ជាក់ពីលោក ឯក ប្រុស អ្នកទទួលខុសត្រូវការសាងសង់ អគារសិក្សាទាំង២នេះ បានឲ្យដឹងថា តាមលទ្ធការសាងសង់គិតត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ អគារសិក្សាថ្មីក្នុងអនុវិទ្យាលយ័យទាំង២សម្រេចបាន៧០%ហើយ។

តាមការគ្រោងទុកអគារថ្មីដែលជាចំណងដៃដ៏ថ្លៃថ្លារ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងទទួលសិស្សានុសិស្សឲ្យចូលរៀន នៅបវេសនាការឆ្នាំសិក្សាថ្មីខាងមុខនេះ។

ការអះអាងបែបនេះរបស់លោក ឯក ប្រុស បានឲ្យដឹងក្នុងឱកាសក្រុមការងារដឹកនាំដោយលោក ថា យ៉ាវ អនុប្រធានក្រុមការងារ ចុះជួយស្រុកចុះទៅពិនិត្យនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩។

អគារសិក្សាថ្មីទាំង២ខ្នង ដែលបានសាងសង់នេះ១ខ្នងៗមានកម្ពស់២ជាន់ស្មើ១២បន្ទប់ ក្នុងនោះមួយស្ថិតនៅអនុវិទ្យាល័យក្រយា ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក និងមួយខ្នងទៀតស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ចំណាលើស្ថិតនៅភូមិខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

អគារសិក្សាថ្មីនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមប្រគល់ជូនតាមរយៈលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ និងលោកស្រី ដែលប្រារព្វពិធីបញ្ចុះបឋមសិលា ធ្វើការកសាងជាផ្លូវការនៅការឆ្នាំ២០១៨
កន្លងទៅនេះក្រោមអធិបតីភាពលោក ជា ចាន់តូ។

ក្នុងឱកាសចុះពិនិត្យសំណង់អគារសិក្សានេះលោក ថា យ៉ាវ បានជំរុញឲ្យក្រុមជាងបន្តយកចិត្តទុកដាក់ ឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការសាងសង់នេះអគារឲ្យបានហ្មត់ចត់ដោយគោរព ដោយគោរពឲ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាថាសំណង់នេះពិតជារឹងមាំប្រើប្រាស់បានយូរ។

សម្រាប់អនុវិទ្យាល័យក្រយា តាមរយៈក្រុមការងារលោក ជា ចាន់តូ បានប្រកាសជួយជួសជុល ដំបូលអគារចាស់ទាំង៣ជាថ្មីឡើងវិញ។ ក្នុងនោះក្រុមការងារបានចុះពិនិត្យសំណង់ សាលាពុទ្ធិកសិក្សាស្ថិតនៅវត្តធម្មនាថ ស្ថិតក្នុងឃុំសង់ឃ្លាំង ស្រុកសន្ទុក។ សំណង់អគារសាលាពុទ្ធិកសិក្សានេះសង់ពីថ្មមានទំហំ១២ម៉ែត្រគុណ២០ម៉ែត្រ
មាន៣បន្ទប់ជាអំណោយប្រកបដោយ សប្បុរសរបស់លោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា គិតត្រឹមដើមខែកក្កដានេះសម្រចបានប្រមាណ៣០%ហើយ៕