(ទីក្រុងហាមិតុន)៖ នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ លោករដ្ឋមន្រ្តី ថោង ខុន បានបន្តដឹកនាំប្រតិភូក្រសួងទេសចរណ៍ ជួបពិភាក្សាជាមួយវិទ្យសា្ថន បច្ចេកវិទ្យាវៃកាតូ Waikato Institute of Technology ដែលមានលោក David Christiansen នាយកវិទ្យសា្ថនស្តីទី និងសហការី។ 

បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ភាគីទាំងពីរបានឯកភាពលើកិច្ចសហការលើចំណុចដូចខាងក្រោម៖

១៖ ការបង្កើតឱ្យមានកម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញ សម្រាប់ជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដា និងគុណវុឌ្ឍិរបស់ប្រទេសនូវែលសេឡង់
២៖ ការបង្កើតឱ្យមានកម្មវិធីផ្លាស់ប្តូរកម្មសិក្សា និងកម្មវិធីហ្វឹកហាត់ការងារសម្រាប់សិស្ស និស្សិតជំនាញទេសចរណ៍ រវាងវិទ្យាស្ថានបច្ចេកវិទ្យាវៃកាតូ ជាមួយនឹងកម្ពុជាផងដែរ។
៣៖ ការត្រៀមចុះទស្សនកិច្ចសិក្សាដើម្បីបង្កើតឱ្យមានសាខាវិទ្យាស្ថានបច្ចេកវិទ្យាវៃកាតូនៅកម្ពុជា

អាស្រ័យដោយមានសកម្មភាពការងាជាច្រើនដែលនឹងត្រូវអនុវត្តខាងមុខ ភាគីទាំងពីរបានឯកភាពរៀបចំឱ្យមានអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហការលើការបណ្តុះបណ្តាលជំនាញទេសចរណ៍រវាងក្រសួងទេសចរណ៍ និងវិទ្យាស្ថានបច្ចេកវិទ្យាវៃកាតូ Waikato Institute of Technology- Wintech នាពេលខាងមុខ។

លោករដ្ឋមន្ត្រីមានការរីករាយចំពោះលទ្ឋផលនៃកិច្ចពិភាក្សានេះ។ ក្រសួងទេសចរណ៍ នឹងខិតខំជំរុញការងារនេះឲ្យបានឆាប់ហើយ នឹង ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុង ការចុះហត្ថលេខាលើអនុស្សារណះនេះ៕