(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការការងារចំពោះកិច្ច ត្រួតពិនិត្យ អង្កេតស្រាវជ្រាលើ ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយករងសេនាធិការចម្រុះ នាយកទីចាត់ការការងារព្រំដែន និងឧត្តមសេនីទោ សុខ សាកល អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងបច្ចុប្បន្នជាមេបញ្ជាការង យោធភូមិភាគ៣។

យោងតាមសេចក្តីសម្រេចរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកក្កដានេះបានបញ្ជាក់ថា គណៈកម្មការការងារចំពោះកិច្ចត្រួតពិនិត្យ អង្កេតស្រាវជ្រាវលើឧត្តមសេនីយ៍ឯក សៀក សុជាតិ និងឧត្តមសេនីយ៍ទោ សុខ សាកល មានសមាសភាពចំនួន៩រូប ក្នុងនោះមាននាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាប្រធាន។

គណៈកម្មការនេះមានភារកិច្ច៖ ធ្វើជាសេនាធិការជូនអគ្គមេបញ្ជាការ ក្នុងការស្រាវជ្រាវអង្កេត ពាក់ព័ន្ធភាពមិនប្រក្រតីក្នុងការអនុវត្តន៍តួនាទី ភារកិច្ចចំពោះនាយទាហានទាំង២រូប, ត្រូវស្រាវជ្រាវ និងអង្កេតរកឲ្យឃើញហេតុផលពិតប្រាកដ តាមនីតិវិធីដើម្បីធានាបានភាពត្រឹមត្រូវ និងមានតម្លាភាព, ធ្វើការបូកសរុប វាយតម្លៃ និងសន្និដ្ឋានអំពីលទ្ធផលដែលធ្វើបាន ដើម្បីរាយការណ៍ ជូនអគ្គមេបញ្ជាការ និងក្រៅពីនេះ ត្រូវទទួលកិច្ចការមួយចំនួនទៀត តាមការប្រគល់ភារកិច្ចជាក់ស្តែង របស់អគ្គបញ្ជាការ៕