(ហ្សឺណែវ, ស្វីស)៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានផ្សព្វផ្សាយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាជំនាន់ទី៤ (CTIS) ឆ្នាំ២០១៩-២០២៣ នៅក្នុងកម្មវិធីនៃកិច្ចប្រជុំការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម (Aid for Trade Global Review 2019) នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។

ការផ្សព្វផ្សាយនេះធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រោមការសម្របសម្រួលរបស់លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានលោកស្រី តឹករ៉េត កំរង ជាអ្នកធ្វើបទបង្ហាញស្ដីពីយុទ្ធសាស្ត្រពាណិជ្ជកម្មជំនាន់ទី៤ នេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងថា យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ កម្ពុជានៅតែជាប្រទេសទទួលផលនាំមុខគេ ក្នុងការអនុវត្តកម្មវិធី EIF។ លោកបន្តថា ការធ្វើបច្ចុប្បន្នភាពលើកទីបីនេះ ត្រូវបានរៀបចំជួនពេលជាមួយនឹងការដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់អាណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា គោលបំណងទីមួយនៃយុទ្ធសាស្ត្រ CTIS ២០១៩ គឺដើម្បីពង្រឹងភាពប្រកួតប្រជែងសម្រាប់គាំទ្រដល់ការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួច ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យ២០៣០។

លោករដ្ឋមន្ត្រី បានលើកឡើងផងដែរថា បញ្ហាប្រឈមដែលមានលក្ខណៈទូលំទូលាយ និងអន្តរវិស័យ នឹងប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជា ដែលជាទិសដៅវិនិយោគរបស់ប្រទេសដទៃ ព្រមទាំងជះឥទ្ធិពលដល់ក្រុមហ៊ុនដែលមានបំណងធ្វើការផលិតសម្រាប់នាំចេញ។ ការដាក់ចេញនូវវិធានការដើម្បីពង្រឹងភាពប្រកួតប្រជែង នឹងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលរំពឹងទុក លើការបាត់បង់ការអនុគ្រោះពន្ធគយ។ ជាមួយនោះដែរ កម្ពុជាត្រូវចាប់ផ្ដើមធ្វើកំណែទម្រង់រចនាសម្ព័ន្ធជាអាទិភាព ជាពិសេសការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ កាត់បន្ថយចំណាយសម្រាប់ប្រកបធុរកិច្ច តាមរយៈការកាត់បន្ថយចម្លៃនៃអគ្គិសនី និងថ្លៃភស្ដុភារពាណិជ្ជកម្ម។ ជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការប្រឈមខាងលើ នៅដើមឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួនសម្រាប់អនុវត្តភ្លាមៗ ដែលអាចនឹងលើកកម្ពស់ភាពប្រកួតប្រជែង និងកាត់បន្ថយថ្លែពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងទៀតថា CTIS ត្រូវចាប់យកប្រភពថ្មីសម្រាប់កំណើន ដូចជាសេវាកម្ម និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (IR ៤.០)។ កម្ពុជាត្រូវតែចាប់យក និងទាញយកផលប្រយោជន៍ពីប្រភពថ្មីសម្រាប់កំណើននេះ គ៏ដូចជាទីផ្សារថ្មីៗ ទោះបីជាមាន ឬគ្មានភាពអនុគ្រោះពាណិជ្ជកម្មក៏ដោយ ដើម្បីបង្កើតការងារថ្មីៗសម្រាប់ប្រជាជន។ ប្រភពថ្មីសម្រាប់កំណើនទាំងនេះ នឹងអាចផ្តល់ជាឬសគល់ក្នុងការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងឆ្លើយតបទៅនឹងតម្រូវការនៃផលិតផល និងសេវាកម្មថ្មីៗ ក៏ដូចជាជំរុញដល់ផលិតករឲ្យស្រាវជ្រាវពីធាតុចូលពិសេស និងទំនើប ព្រមទាំងការផ្តល់យោបល់ប្រកបដោយវិជ្ជាជីវៈផងដែរ។ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុង ២០១៩-២០២៣ គូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពន្លឿនការប្រែក្លាយឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល។ ដើម្បីឲ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល កម្ពុជាមិនត្រឹមតែត្រូវមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបង្កើនស្ថាប័ន ជំនាញ និងបទបញ្ញត្តិ។

ជាមួយនឹងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី៤ លោក ប៉ាន សូរស័ក្តិ បានបង្ហាញ ការជឿជាក់ថាកម្ពុជានឹងបន្តរក្សាកំណើនដ៏គួរឱ្យកត់សម្គាល់នេះ នឹងសម្រេចបាននូវគោលដៅទាំងអស់ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្ត។ យុទ្ធសាស្ដ្រនេះ ផ្តល់នូវទិសដៅច្បាស់លាស់សម្រាប់ការអនុវត្តន៍សកម្មភាពគោលនយោបាយរវាងភាគីពាក់ព័ន្ធទាំងអស់ជាមួយក្រសួងពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់គាំទ្រដល់ការអនុវត្តន៍យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មជំនាន់ថ្មីនេះ ដើម្បីធ្វើឲ្យអត្ថប្រយោជន៍ដែលទទួលបានពីការធ្វើពាណិជ្ជកម្ម នឹងសម្រេចបានប្រកបដោយបរិយាប័ន្ន និងសមភាព។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានថ្លែងអរគុណយ៉ាងស្មោះស្ម័គ្រចំពោះដៃគូអភិវឌ្ឍន៍ដែលបានគាំទ្រយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី៤នេះ តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្តរបស់ពួកគេ ជាពិសេសភាពចំពោះក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) ជាដៃគូយ៉ាងសំខាន់ ដែលបានផ្ដល់ការគាំទ្រហិរញ្ញវត្ថុ និងអង្គការពាណិជ្ជកម្មពិភពលោក អង្គការ UNCTAD, អង្គការ UNDP, អង្គការ UNIDO និងអង្គការ USAID ក្នុងនាមជាដៃគូដ៏មានតម្លៃរបស់កម្ពុជា៕