(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសហាមដាច់ខាត ការសរសេរអក្សរបរទេសធំៗ ដាក់ពីលើអក្សរខ្មែរ នៅតាមការដ្ឋានសំណង់ផ្សេងៗ។

រដ្ឋមន្ត្រីដែនដីកម្ពុជា បានហាមបែបនេះ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចប្រជុំស្ដីពី ការងារសិក្សាគំរោងប្លង់ និងសាងសង់អគារ នៅសណ្ឋាគារ Sokha Phnom Penh។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងយ៉ាងដូច្នេះថា៖ «ប្លង់ថ្មីដែលយើងសិក្សាត្រូវផ្សាភ្ជាប់ជាមួយនឹងអត្តសញ្ញាណ មិនអាចឱ្យមានអក្សរបរទេសធំ ហើយនៅពីលើអក្សរខ្មែរ ហើយគ្មានកន្លែងណាឱ្យបង្កើតទៅជា China Town គឺអត់មានទេ ខ្ញុំមិនអាចឱ្យមានទេ។ នេះសូមបញ្ជាក់អញ្ចឹង»

នៅចំពោះមុខប្រធានក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់, ប្រធានក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគំរោងប្លង់, ប្រធានក្រុមជាងសំណង់ និងរូបវ័ន្តបុគ្គលសិក្សាគំរោងប្លង់ ព្រមទាំងមន្ត្រីរាជការ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ ត្រូវគោរពច្បាប់ បទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេស ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់នៅកម្ពុជា។

គួរបញ្ជាក់ថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានដឹកនាំកិច្ចប្រជុំ ស្តីពី ការងារសិក្សាគម្រោងប្លង់ និងសាងសង់ ដើម្បីជំរុញក្រុមហ៊ុនសំណង់ ឱ្យពង្រឹងការគោរពច្បាប់ បទដ្ឋានបច្ចេកទេស សំដៅលើកកម្ពស់គុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់នៅកម្ពុជា។

ពិធីនេះមានការចូលរួម ពីក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ ២៨៦ក្រុមហ៊ុន, ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ ៣១, ក្រុមជាងសំណង់ ៦០, ក្រុមរូបវន្តបុគ្គល សិក្សាគម្រោងប្លង់ ៥៤ រូប, ក្រុមហ៊ុនអចលនទ្រព្យ៤, ស្ថាបត្យករ ១៥៤ រូប, វិស្វករ២៣៧ រូប, សាស្ត្រាចារ្យ ៤៥ រូប, និងនិស្សិតស្ថាបត្យករ និងវិស្វករ ៥៥៣ រូប៕