(ស្វីស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចបានបញ្ជាឱ្យ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សិក្សារកកន្លែងធ្វើចំណតយានយន្ត ដោយសារតែកំណើតយានយន្ត បានកើនឡើងជាប្រចាំ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នាយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះក្នុងឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសស្វីសជាង១២០០នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាពេលបច្ចុប្បន្ន រឿងធំពីរកំពុងប្រឈមនៅភ្នំពេញ រួមមានការខ្វះចំណត់រថយន្ត និងបញ្ហាសំរាម ដែលមួយថ្ងៃមានរហូតដល់ ៣ពាន់តោន។ សម្តេចតេជោ ហ៊ុន សែន ក៏បានទម្លាយផងដែរថា មានក្រុមហ៊ុនបោកប្រាស់មួយ បានដឹកសំរាមចូលមកកម្ពុជា ប៉ុន្តែឥឡូវកម្ពុជាកំពុងបង្ខំឱ្យដឹកចេញទៅវិញផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានប្រឹងប្រែងធ្វើកំណែទម្រង់សម្តៅធ្វើការប្រកួតប្រជែង៕