(ហ្សឺណែវ, ស្វីស)៖ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំលើកទី៤១ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលបំបិទនូវសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋនោះទេ មានតែលើកទឹកចិត្តថែម ព្រោះរាជរដ្ឋាភិបាល កំណត់យកមតិយោបល់ពីប្រជាជនជាកញ្ចក់ឆ្លុះ ដើម្បីវាយតម្លៃលទ្ធផលការងារ។

ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យការបញ្ចេញមតិទាំងអស់នោះ ធ្វើឡើងដោយការទទួលខុសត្រូវ និងចែកឲ្យដាច់ពីគ្នា រវាងសិទ្ធិនៃការបញ្ចេញមតិ និងការជេរប្រមាថ ឬការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ការបង្អូចកេរ្ដិ៍ឈ្មោះ ការផ្សព្វផ្សាយព័ត៌មានមិនពិត ព្រមទាំងការអំពាវនាវរំលំរដ្ឋាភិបាលស្របច្បាប់ ដែលអាចនាំមកនូវភាពចលាចល និងការបែកបាក់នៅក្នុងសង្គមជាដើម។

ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ទៅកាន់ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល មិនដែលមានគោលបំណងបំបិទនូវសិទ្ធិបញ្ចេញមតិពីប្រជាពលរដ្ឋទេ មានតែលើកទឹកចិត្តថែម ព្រោះរាជរដ្ឋាភិបាលទាំងមូល កំណត់យកមតិយោបល់ពីប្រជាជនជាកញ្ចក់ឆ្លុះ ដើម្បីវាយតម្លៃអំពីលទ្ធផលការងាររបស់ខ្លួន និងជាធាតុចូលសម្រាប់រៀបចំ ជាគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្សេងៗទៅថ្ងៃអនាគត»។

សម្ដេចបានមានប្រសាសន៍បន្ដថា «ក្នុងនាមជារដ្ឋាភិបាល យើងគ្រាន់តែស្នើសុំឲ្យការបញ្ចេញមតិទាំងអស់ ធ្វើឡើងប្រកបដោយភាពទទួលខុសត្រូវ និងត្រូវចែកឲ្យដាច់ពីគ្នារវាងសិទ្ធិ ក្នុងបញ្ចេញមតិលើបញ្ហាអ្វីមួយ និងការជេប្រមាថ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ការបង្អួចកេរ្តិ៍ឈ្មោះ ការផ្សព្វផ្សាយព័ត៌មានមិនពិត ការអំពាវនាវរំលំរដ្ឋាភិបាលស្របច្បាប់ ដែលអាចនាំមកនូវភាពចលាចល និងការបែកបាក់នៅក្នុងសង្គម»

សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានពលរដ្ឋហៅថា ជាបុរសខ្លាំងកម្ពុជារូបនេះ បានអះអាងទៀតថា អ្វីដែលកំពុងកើតឡើងនៅកម្ពុជា គឺប្រជាជនពីគ្រប់និន្នការនយោបាយ ហ៊ានបញ្ចេញមតិប្រកបដោយលក្ខណៈរស់រវើក និងដោយមិនខ្លាចរអាលើគ្រប់ប្រធានបទ ហើយសម្ដេចខ្លួនឯងផ្ទាល់ ក៏តែងបានទទួលនូវការផ្ដល់មតិជាច្រើនពីប្រជាពលរដ្ឋ។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រីរបស់កម្ពុជា ក៏បានគូសរំលេចបន្ថែមថា ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសារព័ត៌មានវិញ កម្ពុជាមានកាសែតចំនួន៥៥០កាសែត, ជាវែបសាយចំនួន១៤៨, ស្ថានីយ៍វិទ្យុ២១១, ទូរទស្សន៍ចំនួន២១, ទូរទស្សន៍ខ្សែកាប្លិ៍ចំនួន១១៣ប៉ុស្ដិ៍ និងសមាគមអ្នកកាសែតចំនួន៣៩។

កត្ដាទាំងអស់នេះហើយ ប្រជាជនកម្ពុជា មានសិទ្ធិទទួលបានព័ត៌មានពីគ្រប់ប្រភព គ្រប់ប្រភេទ និងមានសិទ្ធិបញ្ចេញមតិលើគ្រប់ប្រធានបទ។ ជាក់ស្ដែង Facebook របស់ខ្លូនការរបស់សម្ដេច ដែលជាវេទិកាសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈចូលរួមផ្ដល់យោបល់លើការដឹកនាំ លើបញ្ហានៃការអភិវឌ្ឍនៅតាមមូលដ្ឋាន ការប្រព្រឹត្តខុសរបស់មន្ដ្រី និងអាជ្ញាធរ និងលើបញ្ហាផ្សេងទៀត។ នេះជាអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កម្ពុជា តែងតែរៀបចំកិច្ចប្រជុំជាមួយនឹងអង្គភាពសារព័ត៌មាន ជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងបណ្ដាញសារព័ត៌មាន ក្នុងគោលបំណង រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ និងចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា៕