(ញូវហ្សេឡែន)៖ តបតាមការអញ្ជើញរបស់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ញូវហ្ហ្សេឡែននៅ Willington នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ លោករដ្ឋមន្ត្រី ថោង ខុន និងប្រតិភូ បានទទួលការស្វាគមន៍រាក់ទាក់ ​ពីលោក Ben Potter នាយកគ្រប់គ្រងផ្នែកទីផ្សារ និងលោកស្រី Marty Hiddleston នាយកគ្រប់គ្រងសាលា។

បន្ទាប់ពីបានស្តាប់បទបង្ហាញ និងដើរទស្សនាសាលា និងពិនិត្យជាក់ស្តែងតាមថ្នាក់រៀន លោករដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយលោកនាយក និងសហការីផ្ទាល់។

ថ្លែងក្នុងជំនួបនេះលោករដ្ឋមន្ត្រី ថោង ខុន បានសំដែងនូវការចាប់អារម្មណ៍ និងពេញចិត្តកោតសរសើរយ៉ាងខ្លាំង ចំពោះរចនាសម្ពន្ធន៍ និងការគ្រប់គ្រងរបស់សាលាដែលមានលក្ខណៈសាមញ្ញ ទំនើប ហើយមានគ្រប់វិស័យ ជំនាញ ទាំងខាងឧស្សាហកម្មធ្វើដំណើរឧស្សាហកម្មទេសចរណ៍ដូចជា៖ flight attendant Cruising House keeping Tour Guide ។ល ។

កម្មវិធីសិក្សាខ្លីៗ ៣០ម៉ោង ៦០ម៉ោង ផ្សាភ្ជាប់ និងការអនុវត្តន៍ជាក់ស្តែងនៅនឹងកន្លែង។ ជាងនេះ សាលាមិនត្រូវការដីធំដើម្បីសាងសង់ដែលចំណុចទាំងអស់នេះ កម្ពុជាអាចឆ្លើយតបបានទាំងនៅតំបន់សៀមរាបអង្គរ តំបន់ភ្នំពេញ តំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍។

បន្ទាប់ពីបានស្តាប់ពីសភាពការណ៍អភិវឌ្ឍន៍រួមក៏ដូចជា ការអភិឌ្ឍន៍ និងសំណូមពរជាក់ស្តែង នៃការអភិវឌ្ឍន៍ធនធានមនុស្ស ពិសេសផ្នែកជំនាញទេសចរណ៍កម្ពុជា ភាគី New Zealand មានការកោតសរសើរ ចំពោះការរីកចំរើនរបស់កម្ពុជា រួមទាំងវិស័យទេសចរណ៍ ដែលបច្ចុប្បន្នកំពុងមានតម្រូវការចាំបាច់ ខាងធនធានមនុស្ស ផ្នែកជំនាញជីវះទេសចរណ៍ ទាំងផ្នែកឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍។ ភាគី NZ គាំទ្រចំពោះសំណូមពរកម្ពុជា ក្នុងការផ្លល់អាហារូបករណ៍ការចែករំលែកបទពិសោធន៏ និងពិចារណាក្នុងការវិនិយោគ សាលាបណ្តុះបណ្តាលវិជ្ជាជីវះជំនាញ ទេសចរណ៍នៅកម្ពុជា។

សូមជំរាបជូនថា កម្ពុជាបច្ចុប្បន្នមានអ្នកបំរើការដោយផ្ទាល់ក្នុងវិស័យទេសចរណ៍ ប្រមាណ៦២ម៉ឺននាក់។ ឆ្នាំ២០២០ យើងនឹងមានបុគ្គលិកបំរើការប្រមាណ១លាននាក់ ឆ្នាំ២០២៥ ប្រមាណ១.២លាននាក់ ។
តាមការវាយតម្លៃរបស់គណកម្មាការជាតិអ្នកជំនាញទេសចរណ៍ឆ្នាំ២០១៨ យើងទើបមានប្រមាណ៤០% ដែលមានសមត្ថភាពជំនាញតាមស្តង់ដារអាស៊ាន។ ជាផែនការយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍គឺនៅឆ្នាំ២០២០ ត្រូវអោយមាន៥០% នៃអ្នកបំរើការងារក្នុងឧស្សហកម្មទេសចរណ៍ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាល និងវាយតំលៃសមត្ថភាពស្របតាមស្តង់ដារសមត្ថភាពអ្នកជំនាញទេសចរអាស៊ាន និងឆ្នាំ២០២៥ ត្រូវសំរេចយុទ្ធនាការ បុគ្គលិកម្នាក់ជំនាញមួយ (One staff One Skill) ពោលគឺ ១០០% នៃអ្នកជំនាញ គឺត្រូវមានការទទួលស្គាល់សមត្ថភាពតាមស្តង់ដារអាស៊ាន។

លោករដ្ឋមន្រ្តី និងប្រតិភូ នឹងបន្តដំណើរជួបពិភាក្សាការងារបណ្តុះបណ្តាលលើវិស័យទេសចរណ៍ ជាមួយនឹងសកលវិទ្យាល័យ វៃកាតូ ( Waikato) និងសាលាវិជ្ជាជីវះទេសចរណ៍មួយចំនួនទៀត នៅទីក្រុងហាមីតុន (Hamilton)៕