(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ អមដំណើរដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី, មន្ត្រីសាលាខេត្ត និងសាលាក្រុងព្រះសីហនុមួយចំនួនទៀត បានចុះពិនិត្យមើលការដ្ឋានសំណង់សង់ពីគ្រោងដែក នៅក្នុងមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

គ្រាចុះពិនិត្យនេះលោក គួច ចំរើន បានណែនាំឲ្យម្ចាស់ការដ្ឋានសំណង់គ្រោងដែក ត្រូវផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ន ដោយទុកពេលវេលាឲ្យក្រុមមន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យបច្ចេកទេស និងគុណភាព នៃសំណង់រួចសិន នឹងធ្វើការសម្រេចជាក្រោយ។

ក្នុងឱកាសនោះលោក ចុះពិនិត្យបានចំនួន ៣ការដ្ឋាន ដែលជាគម្រោងវិនិយោគរបស់អ្នកវាយោគចិន។ បន្ទាប់ពីពិនិត្យការដ្ឋានសំណង់នេះ លោកបានអញ្ជើញ ចុះទៅពិនិត្យមើលគ្រួសារជនជាតិជប៉ុន ដែលហាងរបស់គាត់ ត្រូវបានអគារបាក់រលំសង្កត់ នាំឲ្យខូចទាំងស្រុង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។

លោក គួច ចំរើន បានអនុញ្ញាតឲ្យជនជាតិជប៉ុន ដែលជាម្ចាស់ភោជនីយដ្ឋានសាងសង់ផ្ទះឈើ នៅទីតាំងដែលគាត់បានជួលដីនោះ ដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។ ទន្ទឹមនោះ លោកបានជំរុញឲ្យអាជ្ញាធរក្រុងព្រះសីហនុ ត្រូវពន្លឿនការធ្វើលិខិតអនុញ្ញាតក្នុងការសាងសង់សំណង់ ជូនម្ចាស់ហាងនេះឲ្យបានលឿនផងដែរ ដើម្បីបានបើកអាជីវកម្មរកស៊ីឡើងវិញ។

សូមបញ្ជាក់ថា ជនជាតិជប៉ុនដែលជាម្ចាស់ហាងនេះ បានមកលក់ដូររកស៊ីក្នុងក្រុងព្រះសីហនុ ចំនួន១៥ឆ្នាំកន្លងមកហើយ៕