(រតនគិរី)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី0២ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តរតនគិរីថ្មី។ លោករដ្ឋមន្រ្តី នៅក្នុងឱកាសនោះ បានជំរុញឲ្យប្រធានតុលាការថ្មីរូបនេះ ត្រូវស្រាយបញ្ហាឲ្យទាន់ពេលវេលា កុំឲ្យមានការកកស្ទះសំណុំរឿង រដ្ឋប្បវេណី ព្រហ្មទណ្ឌ ដែលសំណុំរឿងខ្លះ អូសបន្លាយពេលយូរមិនទាន់ដោះស្រាយចប់នៅឡើយ។

នៅក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងខេត្តរតនគិរីថ្មី ក៏មានការចូលរួមពីលោក លន់ សុភាព អភិបាលរងរតនគិរីតំណាងលោក ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងលោកមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ, លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលស្រុក ក្រុងទូទាំងខេត្តរតនគិរីផងដែរ។

លោក អង្គ វង្សវឌ្ឍានា បានជំរុញដល់ចៅក្រម សុំកុំឲ្យមានការកកស្ទះសំណុំរឿង រដ្ឋប្បវេណី ព្រហ្មទណ្ឌ ដែលសំណុំរឿងខ្លះ អូសបន្លាយពេលយូរមិនទាន់ដោះស្រាយចប់នៅឡើយ ជាពិសេសសំណុំរឿងព្រហ្មទណ្ឌ ដូច្នេះប្រធានសាលាដំបូងខេត្ត និងអ្នកពាក់ព័ន្ធមិនគួរទុកសំណុំរឿងចាស់ៗនោះទេ ត្រូវខិតខំដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោក អង្គ វង្សវឌ្ឍានា ក៏បានលើកឡើងទៀតថា តួនាទីចៅក្រម គឺជាអ្នកការពារសិទ្ធិសេរីភាពផលប្រយោជន៍ស្របច្បាប់ អាយុជីវិត សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ លើកស្ទួយជីវភាព រស់នៅតាមរយៈការការពារ ការអនុវត្តន៍ច្បាប់ និងបទដ្ឋានគតិយុត្តិស្របតាមនីតិវិធីច្បាប់ជាធរមាន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក លន់ សុភាព ក៏បានលើកឡើងថា តុលាការជាស្ថាប័នសម្រាប់ផ្តល់យុត្តិធម៌តាមរយៈការវិនិច្ឆ័យ ដោយផ្អែកលើមូលដ្ឋានច្បាប់។ លោកបន្តថា លោក សួស ឡា បានកាន់តំណែងជាប្រធាន សាលាដំបូងខេត្តរតនគិរីអស់រយៈពេលជាង ៦ឆ្នាំមកហើយ មានទំនាក់ទំនងល្អ ជាមួយមន្ត្រីរាជការជុវិញខេត្ត និងបានបន្សល់ទុកស្នាដៃជាច្រើនក្នុងស្ថាប័នតុលាផងដែរ។

សូមបញ្ជាក់ដែរថា យោងតាមសេចក្តីប្រកាសព្រះរាជ្យក្រឹត្យតែងតាំងលោក នៅ យ៉ារ័ត្ន ជាប្រធានសាលាដំបូងខេត្តរតនគិរី ជំនួសលោក សួស ឡា ដែលតែងតាំងជាប្រធានសាលាដំបូង ខេត្តកំពង់ចាម៕