(ស្ទឹងត្រែង)៖ ករណីមន្ត្រីនគរបាលម្នាក់ដាក់ពាក្យប្ដឹង លោក វង្ស សាវឿន ដែលមានតួនាទីជានាយរងខណ្ឌរដ្ឋបាលជលផល ខេត្តស្ទឹងត្រែង ទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្ទឹងត្រែងពីបទបរិហារបង្កាច់កេរ្តិ៍ ជេរប្រមាថ ប្រើប្រាស់អាវុធខុសច្បាប់ និងមនុស្សឃាតមិនបានសម្រេ រហូតមកដល់ពេលនេះ មានរយៈពេលជិតកន្លះឆ្នាំហើយ គេនៅមិនទាន់ឃើញខាងអយ្យការ មានចំណាត់ការយ៉ាងណានៅឡើយទេ។

ការយឺតយ៉ាវចំណាត់ការសំណុំរឿងក្ដីរបស់អយ្យការទៅលើជនបង្កខាងលើនេះ បានធ្វើអោយភាគីរងគ្រោះមានការបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ព្រោះតែភាគីបង្កដោយផ្ដើមចេញ ពីរឿងទំនាស់តូចតាច ដោយសារតែខ្លួនរំលោភបំពានលើដីចំណីផ្លូវ ដែលជារឿងតូចតាចសោះ ហ៊ានជេរប្រមាថយកកាំភ្លើងទៅតាមប៉ុនប៉ងបាញ់សម្លាប់ភាគីរងគ្រោះ សូម្បីតែនៅចំពោះមុខថ្នាក់ អភិបាលរងខេត្ត ក៏រូបគេមិនខ្លាចញញើត ឬគោរពថ្នាក់ដឹកនាំរបស់ខ្លួនដែរ។

ក្នុងនោះភាគីរងគ្រោះ បានសំណូមពរសូមអោយលោកព្រះរាជអាជ្ញាមេត្តាមានវិធានការ និងពន្លឿននីតិវិធីសំណុំរឿងអោយបានលឿនផង ព្រោះករណីប្រព្រឹត្តល្មើសរបស់ភាគីបង្កមកលើភាគីរងគ្រោះ គឺមានភស្តុតាង សាក្សីគ្រប់គ្រាន់អស់ហើយ សូម្បីតែរូបភាពពីវីដេអូ កាម៉េរាសុវត្ថិភាព ក៏បង្ហាញពីសកម្មភាពជនបង្កយកកាំភ្លើងចេញពីរថយន្ត សៀតចង្កេះដើរសំដៅទៅរកភាគីរងគ្រោះ ដែលកំពុងឈរជាមួយលោកញ៉ែម សារី អភិបាលរងខេត្តនៅ មុខផ្ទះរួចហើយដកកាំភ្លើងលើកសំដៅទៅភាគីរងគ្រោះដែរ កុំតែបានមិត្តភក្ដិ និងអ្នកជិតខាងឃាត់ទាន់ និងអោយយកកាំភ្លើងទុកវិញ កុំអីប្រហែលជារូបគេបាញ់បាត់ទៅហើយ។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ របស់ឈ្មោះតាន់ ខាំ ភឿ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្រ្តីនគរបាលជាតិ មានទីលំនៅភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុង-ខេត្តស្ទឺងត្រែង បានបញ្ជាក់ថា ដើមរឿងដំបូងគឺកើតឡើងពីឈ្មោះ វង្ស សាវឿន ជាមន្រ្តីជលផលបានដើរញុះញង់អ្នកជិតខាងឲ្យរារាំងការសាងសង់ផ្លូវដោយរំលោភបំពានយក ចំណីផ្លូវរដ្ឋខុសពីកិច្ចសន្យា និងប្លង់កម្មសិទ្ធិដោយប្រើប្រាស់រូបភាព សង់រូបសំណាកព្រះភូមិ ដាក់លូថ្មលយបាំងជិតចំណីផ្លូវ និងដាក់ថូផ្កានៅខាងក្រៅរបងខាងមុខផ្ទះដែលជាផ្លូវសា ធារណៈ ខណៈដែលលោកតាន់ ខាំភឿ បានផ្តល់អំណោយ ក្នុងការសាងសង់ផ្លូវសាធរណៈនោះ ដើម្បីបំរើប្រយោជន៏សាធារណៈ។

ពាក្យបណ្តឹងបានបញ្ជាក់ថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១០ និង៣០នាទី ថ្ងៃត្រង់ ខណៈរូបលោក និងគ្រួសារកំពុងអង្គុយលេងនៅតុមូលក្នុងហាង ស្រាប់តែឈ្មោះវង្ស សាវឿន បានដើរមកបើករ៉ូប៊ីណេទឹក នៅខាងមុខហាង រួចក៏ទាញចំពាមកៅស៊ូយិតឡើងយ៉ាងខ្លាំងបាញ់តម្រង់មករកលោក តែក៏ទៅត្រូវរបងផ្ទះ។បន្ទាប់មក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក ខណៈ លោក និងក្រុមគ្រួសារបើករថយន្ត ឆ្លងកាត់ដោយចៃដន្យក៏បានជួបនឹងប្រពន្ធរបស់ឈ្មោះ វង្ស សាវឿន ហើយក៏បានប្រាប់អោយរុះរើចេញពី ចំណីផ្លូវដើម្បីឲ្យខ្លួនធ្វើផ្លូវបន្ត ហើយភ្លាម នោះឈ្មោះ វង្ស សាវឿន ក៏បានស្ទុះចេញពីក្នុងផ្ទះ ដោយប្រើពាក្យគំរោះគំរើយ ទាំងខឹងកំរោលមិនព្រមរុះរើចេញទេ ។

លុះល្ងាចក្នុងថ្ងៃដដែល វេលាម៉ោង៥ និង៤០នាទី ខណៈលោក កំពុងជូនលោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែងដើរមើលផ្ទះ ដែលគាត់កំពុងចង់ទិញ ឈ្មោះ វង្ស សារឿន ក៏បានបើករថយន្តមកពីផ្ទះលោកគឹម ហុងសាន ជាព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្ទឹងត្រែង មកឈប់ និងស្រែកជេរលោកថា អាឆ្កែ ហើយក៏បើករថយន្តហួសទៅឈប់នៅមុខផ្ទះ ស្ទុះចេញពីរថយន្តយកកាំភ្លើង អាម៉េបញ្ចូលគ្រាប់ ហើយសៀត នៅចង្កេះយ៉ាងលឿនដើរ សំដៅទៅរកបាញ់រូបលោក តែត្រូវបានឈ្មោះប៉ែន ជិនយុទ្ធា និងឈ្មោះរិន រ៉ាវុឌ្ឍ ឈរនៅកៀកនោះបានជួយឃាត់ ហើយឈ្មោះវង្ស សាវឿន ក៏បានយក កាំភ្លើងសៀតចង្កេះគាត់វិញ រួចក៏ត្រឡប់ទៅផ្ទះវិញទៅ ។

ករណីនេះ លោកតាន់ ខាំភឿ បានបញ្ជាក់ប្រាប់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្ទឹងត្រែងថា ឈ្មោះវង្ស សាវឿន ដែលជានាយរងខណ្ឌរដ្ឋបាលផលខេត្តស្ទឹងត្រែង ពិតជា មានបំណងចង់សម្លាប់លោកដោយថា រំលងបានមួយថ្ងៃ គឺនៅថ្ងៃទី១៩ ខែកុម្ភៈ លោកវង្ស សាវឿន បានជិះឡានមករកបាញ់លោកម្តងទៀត ដោយចុចកញ្ចក់ចុះរួចលើកកាំភ្លើងឡើង ខណៈខ្លួននៅស្ងាត់តែម្នាក់ឯង។ យ៉ាងណាក៏ដោយ ចំពោះករណីជម្លោះដល់ការទាញកាំភ្លើងគំរាមបាញ់ប្រហារនេះ អង្គភាពព័ត៌មាន Fresh News មិនអាចទំនាក់ទំនងសុំការបំភ្លឺពីភាគីលោក វង្ស សាវឿន បានឡើយ ព្រោះមិនមានលេខទូរស័ព្ឌទំនាក់ទំនង។

ដោយឡែក លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង នៅពេលដែលអង្គភាពព័ត៌មាន Fresh News ទូរស័ព្ឌទៅកាន់លេខទូរស័ព្ឌដែលធ្លាប់ទំនាក់ទំនងកន្លងមក ត្រូវបានអ្នកលើកទូរស័ព្ឌអះអាងថា មិនមែនជាលេខទូរស័ព្ឌ របស់លោកព្រះរាជអាជ្ញានោះទេ៕

លោក វង្ស សាវឿន

លោក តាន់ ខាំភឿ