(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសុំឲ្យប្រជាពលរដ្ឋរួមគ្នា រក្សាសុខសន្តិភាព ដើម្បីទទួល បានការអភិវឌ្ឍន៍ ដែលកំពុងកើតមានបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលរយៈពេលជាង ២០ចុងក្រោយនេះ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើងក្នុងរង្វង់ ៧%។

លោក ជា ពិសី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចលើប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជានឹងអាចប្រែក្លាយទៅជាប្រទេសមួយ មានប្រាក់ចំណូលកម្រិតខ្ពស់ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។

លោកអភិបាលខណ្ឌបន្តថា «សុខសន្តិភាព និងការអភិវឌ្ឍន៍បច្ចុប្បន្នរហូតគេចាត់ទុកកម្ពុជាថា ជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន គឺបានយកអាយុជីវិតរបស់លោកផ្ទាល់ទៅធ្វើជាដើមទុន ក្នុងការចូលរួមចលនារំដោះជាតិ «បង្កើតរណ្សសេសាមគ្គីសង្គ្រោះជាតិកម្ពុជា» លើកទី១ នៅថ្ងៃ៧ មករា ១៩៧៩ ដោយស្ថិតក្នុងការស្វែងរកសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះ និងឯកភាពជាតិទាំងស្រុងនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ជាលើកទី២។

ការលើកឡើងរបស់លោក ជា ពិសី បានធ្វើឡើងក្នុងពេលដឹកនាំមន្ត្រីពាក់ព័ន្ធនានា ដើម្បីចូលរួមសហការជាមួយសមាគមបញ្ញវ័ន្ដយុវជនក្រុម១២ ដែលជាក្រុមស្នូលរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកអនុប្រធាន ជឹម ភត្រា តំណាងឲ្យប្រធាន លោក ទ្រី ត្រាយ ក្នុងការពាំនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាដែលជាអំណោយសប្បុរសធម៌ ក្រោមការគៀងគបរិច្ចាគ ពីសប្បុរសជននានា តាមរយៈលោកស្រី ជីម៊ី មកដល់លោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៌ខណ្ឌ មកឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រី ជាពិសេសចាស់ៗជរា មកពីតាមបណ្ដាមូលដ្ឋានសង្កាត់ទាំង៧ ដោយក្នុង១គ្រួសារ អង្ករ២០គីឡូ, មី១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ត្រី១យួរ និងមានបាយពិសារផងដែរ រួមជាមួយថវិកា៤ម៉ឺនរៀលស្មើៗគ្នា ចំនួន១០០គ្រួសារ ស្ថិតនៅក្បែរអាគារ៣ស្ថាប័ន ក្នុងភូមិទួលថ្ងាន់ សង្កាត់ទទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩។

ជាកិច្ចស្វាគមន៍ក្នុងកម្មវិធីមនុស្សធម៌នេះ លោក ជឹម ភត្រា អនុប្រធានសមាគមបញ្ញវ័ន្ដយុវជនក្រុម១២ តំណាងឲ្យលោកប្រធានសមាគម ទ្រី ត្រាយ បានលើកឡើងថា ក្រៅពីការនាំយកគ្រឿង ឧបភោគបរិភោគ និងថវិកា ដែលបានមកពីការបរិច្ចាគពីសប្បុរសជននានា ដើម្បីមកចូលរួមឧបត្ថម្ភចែករំលែកជាមួយប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ និងចាស់ជរា, «សមាគមបញ្ញវ័ន្ដយុវជនក្រុម១២» ដែលជាក្រុមស្នូលរបស់ គណបក្សប្រជាជនកម្ពុជា មានការវិវឌ្ឍន៌ក្នុងការជួយទៅដល់បងប្អូនកងទ័ព ផងដែរ និងកម្មករ កម្មការិនី តាមរោងចក្រទៀតផង។

ឆ្លៀតនាឱកាសនេះ លោក ជា ពិសី តំណាងឲ្យប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ «សមាគមបញ្ញវ័ន្ដយុវជនក្រុម១២» ដែលមានទឹកចិត្តសប្បុរសធម៌ ដែលមិនអាចកាត់ថ្លៃបាន ក្នុងការគៀងគសប្បុរសជនមកពីទីជិតឆ្ងាយ នាំយកមកនូវគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីឧបត្ថម្ភជូនប្រជាពលរដ្ឋ កំពុងជួបបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅនាពេលនេះ៕